ព័ត៌មានទាន់ហេតុការណ៍៖

ជនទំនើង២នាក់ ខឹងជនរងគ្រោះមើលមុខវាយបណ្តាលឲ្យរងរបួសទុកជាការព្រមាន

ចែករំលែក៖

ខេត្តកណ្តាលៈ ជនទំនើង២នាក់ផឹកស្រាស្រវឹង ខឹងជនរងគ្រោះ២នាក់មើលមុខ ក៏ស្ទុះទៅវាយបណ្តាល​ឲ្យរងរបួសដើម្បីទុកជាការព្រមាន បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យ២នាក់ត្រូវបាន​សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះត្រូវ​បាន​ក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោងង៥ល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចបរិវេនក្រុមហ៊ុន7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារ​សួគ៌ ស្រុកខ្សាច់កណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ គឹម វាសនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ សល់ ណារ៉ែន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង ។ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារ​សួគ៌ ស្រុកខ្សាច់កណ្តាល ។ ចំណែកឯជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ហេង ជា កាមីន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ (រងរបួសស្នាមក្បាលផ្នែកខាងក្រោយ) មានទីលំនៅក្នុងភូមិ/ឃើកើតហេតុខាតលើ ទី២-ឈ្មោះ ប៊ុន រស្មី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (រងរបួសខ្នង) មានទីលំនៅភូមិបារ៉ុង ឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើនេះបាន​នៅ​អង្គុយផឹកស្រាក្នុងបរិវេនក្រុមហ៊ុន7NG បន្ទាប់ពីផឹកស្រវឹងស្រឿងៗជនសង្ស័យបានជិះម៉ូតូ​ឌុបគ្នាតាមដងផ្លូវបម្រុងទៅផ្ទះ ខណៈជិះមកដល់ខាងមុខរោងចក្រជនសង្ស័យបានឈប់ម៉ូតូវាយ​ទៅលើជនរងគ្រោះទី១ដោយខ្សែក្រវ៉ាត់ បណ្តាលឲ្យរងរបួស ។ បន្ទាប់ពីធ្វើសកម្មភាពរួចជន​សង្ស័យបានជិះម៉ូតូត្រឡប់ទៅអង្គុយផឹកវិញ ខណៈកំពុងអង្គុយផឹកជនសង្ស័យបានស្ទុះទៅវាយ​ជនរងគ្រោះទី២បន្តទៀត ដោយគ្មានមូលហេតុបណ្តាលឲ្យជនរងគ្រោះទី២រងរបួស ទើបសន្តិ​សុខក្រុមហ៊ុនចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា មូលហេតុដែលពួកគេវាយជនរង​គ្រោះទាំង២នាក់នោះ ដោយតែតែពួកគេខឹងទៅនឹងជនរងគ្រោះមើលមុខឌឺដាក់ពួកគេ ទើបពួក​គេវាយទុកជាការព្រមាន ៕ ស្អាងជ័យ


ចែករំលែក៖