ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ លោកឧកញ៉ា ម៉ឹល សារឿន និង លោកស្រី មាស ណារី,លោក ឧកញ៉ា ហូ សុជាតិ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌល នាឡិកាស្វីស និងជប៉ុន ដោយមានការចូលរួមពីលោក ឃឹម ប៉ុណ្ណ និង លោកស្រី បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងបច្ច័យ១ចំនួន ទៅវេរប្រគេន ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តកល្បព្រឹក្ស ហៅវត្តជង្រុក ស្ថិត ក្នុងភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ។
កម្មវិធីនេះ បានរៀបចំឡើង នៅពេលព្រឹក មានពិធីរាប់បាត្រ បង្សុកូល ទៅតាមទំនៀមទម្លាប់ប្រពៃណី នៃព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសល្យជូនដល់បុព្វការីជន ញាតិកាទាំង៧សណ្ដាន ដែលបានចែកស្ថានទៅសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ចំណែកនៅពេលរសៀលមាន ពិធីដង្ហែទៀនព្រះវស្សា និង សាដក ប្រទក្សិណ ៣ជុំព្រះវិហារ ដើម្បីវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
ព្រះឧត្តមមុនីសោភ័ណ សាន មុនី្ន ព្រះចៅអធិការវត្ត កល្បព្រឹក្ស មានសង្ឃដីការថា ពិធីបុណ្យចូលព្រះវស្សាគឺជាទំនៀម ទំលាប់តាមបែបព្រះពុទ្ធសាសនា ដែលមានតាំងពីសម័យ ពុទ្ធកាល មកម្ល៉េះ ពិធីនេះមានរយៈពេល៣ខែ ចាប់ពីថ្ងៃ១ រោជ ខែអាសាធ រហូតដល់ ថ្ងៃ១៥ កើត ខែអស្សុជ ទៅតាមពុទ្ធប្បញ្ញត្តិដែលតម្រូវឲ្យព្រះសង្ឃគ្រប់អង្គ គង់ក្នុងទីអារាម ដើម្បី សិក្សា រៀនសូត្រ បដិបត្តិធម៌វិន័យ សមា្មធិបញ្ញា ដោយមិនអាចចាកចេញទៅកាន់ទីកន្លែងដទៃលើសពី១រាត្រីឡើយ។ ចំពោះព្រះសង្ឃអង្គណា ដែលមិនបានកាន់ព្រះវស្សាបានត្រឹមត្រូវ នឹងត្រូវអាបត្តិ ដោយមិនអាចទទួល សង្ឃលាភតាមរយៈអង្គកឋិនទានបានឡើយ។
គណៈកម្មការ អាចារ្យ និង ពុទ្ធបរិស័ទចំណុះជើងវត្តជង្រុក បានថ្លែងអំណរគុណដល់ លោក លោកឧកញ៉ា លោកស្រី ព្រមទាំងប្រជាពុទ្ធបរិស័ទ ដែលមានសទ្ធា ជ្រះថ្លាបាន ចំណាយថវិកាផ្ទាល់ខ្លួន ជួយទំនុក បំរុងដល់ភិក្ខុ សាមណេរ ក្នុងឱកាសចាំព្រះវស្សារយៈ ពេល៣ខែនេះ ដោយទឹកចិត្តជ្រះថ្លា ដែលនេះគឺជាការរួមចំណែកក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យបានស្ថិតស្ថេរយូរអង្វែងតទៅ។
លោកឧកញ៉ា ម៉ិល សារឿន បានអំពាវនាវ ដល់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមបន្ដចូលរួម គាំទ្រឲ្យ បានខ្លាំងក្លាថែមទៀត ទៅតាមសទ្ធាជ្រះថ្លារៀងៗ ខ្លួនដើម្បីរួមចំណែក កសាងច្រាំងស្រះទឹក ដែលកំពុងដំណើរការកសាងនៅ វត្តនេះ ព្រមទាំងសមិទ្ធិផលផ្សេងៗទៀត សម្រាប់ទុកជាប្រយោជន៍របស់ ពុទ្ធសាសនិកជន។
ក្នុងឱកាសនោះលោក ឧកញ៉ា ម៉ិលសារឿន និងលោកស្រី លោក ឧកញ៉ា ហូ សុជាតិ និងលោកស្រី លោក គួចណាវ រួមនឹងសប្បុរសជនជាច្រើនទៀត បានធ្វើទាន ដល់ ចាស់ព្រឹទ្ធាចារ្យ តាជីយាយជី ព្រមទាំងពុទ្ធបរិស័ទដែលបានចូមរួមក្នុងពិធីនេះ ចំនួន១៥០នាក់ ក្នុងម្នាក់ទទួលបាន ភួយ ១ សាប៊ូ និងថវិកា៥ពាន់រៀល។ ចំណែក កុមារចំនួន ៥០នាក់ ក្នុងម្នាក់ទទួលបាន សៀវភៅ សាប៊ូ និងថវិកា៣ពាន់រៀល ៕ សារីម