ព័ត៌មានទាន់ហេតុការណ៍៖

យកម៉ូតូមិត្តភ័ក្តិទៅដូរយកថ្នាំញៀនត្រូវម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ៣នាក់ រួមទាំងថ្នាំញៀនមួយចំនួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំងនោះបានយកម៉ូតូរបស់មិត្តភ័ក្តិទៅដូរយកថ្នាំញៀនក្នុងតម្លៃ៣០០ដូល្លារ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ភូមិអាកាកូសសង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។

ឈ្មោះជនសង្ស័យទី១ ឈ្មោះ ឈិន ណាឡាង ហៅនី អាយុ៣១ឆ្នាំ ភេទប្រុស មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងជាអ្នកយកម៉ូតូទៅដូរយកថ្នាំចំនួន៣០០ដុល្លារ ដែលដកហូតបាន ទី២ឈ្មោះ ឡេង ណារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី៣ឈ្មោះខន អឿន ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិអាកាកូស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ណត សុភក្ត្រ័ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករោងចក្រ ជាម្ចាស់ម៉ូតូ Zoomer-X ពាក់ស្លាកលេខ=1FK-1808។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងការបង្ក្រាបនោះសមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ។

សមត្ថកិច្ចបានបន្តថា​ មុនពេលកើតហេតុនៅថ្ងៃទី៨ កក្តដា២០១៧ ជនរងគ្រោះនិងជនសង្ស័យ ជាមនុស្សស្គាល់គ្នា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកក្តដា ជនសង្ស័យបានខ្ចីម៉ូតូពីជនរងគ្រោះ ម៉ាក ស៊ូមមើ អ៊ិច ពាក់ស្លាកលេខ ភ្នំពេញ1FK-1808 ចេញពីផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ ថាទៅផ្សារនៅបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោរ ស្រាប់តែបាត់រហូត ដោយជនសង្ស័យឈ្មោះ ឈិន ណាឡាង យកទៅដូរយកថ្នាំញៀនមានតំលៃ៣០០ដុល្លារ នៅកន្លែងបាញ់ត្រីក្នុងផ្សា សូរិយាម៉ល ។ លុះមកដល់ថ្ងៃទី៩ ខែកក្កដា ២០១៧ ដោយជនរងគ្រោះដឹងថា ជនសង្ស័យធ្លាប់ចេញចូលបន្ទប់ជួលឈ្មោះ ខន អឿន ក៏ទៅលួចមើល ក៏ឃើញ ទើបជនរងគ្រោះមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឲ្យទៅជួយអន្តរាគមន៍ ពេលកំលាំងសមត្ថកិច្ចទៅដល់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ និងឆែកឆេរ រកឃើញថ្នាំញៀនក្រាម ពណ៌សថ្លាចំនួន៧កញ្ចប់តូច និងធំ១កញ្ចប់។

ក្រោយមក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងកំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យដើម្បីឃុំខ្លួនបណ្តោះអាសន្ននិងអនុវត្តតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖