ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញា សឿ ស្រីកា ហៅ ខេខេ ថាមិនខ្លាចឈុតសិចស៊ីទេ

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងលេចមុខក្នុងសិល្បៈអតីតបេក្ខជនកម្មវិធី Spy Guy & Girl 2015 កញ្ញា សឿ ស្រីកា ហៅ ខេខេ ចាប់ផ្តើមលេខមុខមាត់ជាមួយនឹងការសម្តែង និងបង្ហាញម៉ូដជាបន្តបន្ទាប់។ តារាស្រីរូបនេះហ៊ានប្រឈមនឹងឈុតឆាកលំបាកៗមួយចំនួនហើយនាងប្រកាសថាមិនខ្លាចឈុតឆាកស្នេហានោះទេ។

ខេខេ បានសាងស្នាដៃសិល្បៈជាបន្តបន្ទាប់ពិសេសក្រោយពីនាងបង្ហាញវត្តមានក្នុងបទចម្រៀង “កុំចេះតែហ៊ាន” និងបទ”ព្រាត់ស្នេហ៍ជើងព្រៃ” ។ ស្នាដៃថ្មីៗជាច្រើនបានធ្វើឲ្យទស្សនិកជន ពិសេសផលិតករទទួលស្គាល់ពីស្នាដៃសម្តែងរបស់កញ្ញា ខេខេ ថា នាងពិតជាមានសមត្ថភាពស្តែងខ្ពស់ទោះមានបទពិសោធន៍តិចឆ្នាំក្នុងការសម្តែងក្តី។ ឈុតឆាកកាចឆ្នាសឆ្នើម ជាច្រើនបានរុញច្រានឲ្យតារាស្រីរូបនេះកាន់តែទទួលបានការចាប់អារម្មណ៍។

តារាស្រីវ័យ២០ឆ្នាំរូបនេះ បញ្ជាក់ថា ក្រៅពីការសម្តែង ឈុតឆាកកាចឆ្នាសឆ្នើមនាង ក៏ទទួលយកការសម្តែងបែបសិចស៊ីផងដែរ។ នាងថាជាអ្នកសិល្បៈនាងចង់ភ្លក់រសជាតិនៃការសម្តែងឲ្យបានច្រើនជាងនេះ។ នាងថាឈុតឆាកស្នេហា ឱបថើបក៏មិនមែនជាឧបសគ្គសម្រាប់នាងនោះដែរ ប៉ុន្តែមិនមែនជាឈុតឆាកសិចស៊ី និងរោលរាលខ្លាំងនោះទេ។

នាងថា ការចរចាអំពីឈុតឆាកបែបនេះ មុនពេលថតគឺជារឿងដែលត្រូវធ្វើឡើង ព្រោះតែនាងមិនចង់ឲ្យទស្សនិកជនរិះគន់ខ្លាំង ហើយនាងក៏មិនចង់ល្បីតែនឹងរឿងសិចស៊ីជាជាងការសម្តែង និងបង្ហាញម៉ូតនោះដែរ។ នាងថាឈុតឆាកបែបនេះត្រូវស្ថិតក្រោមភាពជាសិល្បៈ និងប្រាកដថាមិនហួសហេតុរហូតផ្ទុះការរិះគន់នោះដែរ។ នាងបន្តថាក្រុមគ្រួសារនាងក៏បើកផ្លូវឲ្យនាងប្រឡូកក្នុងសិល្បៈពេញទំហឹងប៉ុន្តែមិនត្រូវធ្វើខ្លួន និងសម្តែងឲ្យហួសហេតុពេកដែរ។

ខេខេ លើកឡើងថា ថ្មីៗនាងក៏ទទួលបានគម្រោងការងារសិល្បៈថ្មីជាបន្តបន្ទាប់ ទាំងសម្តែង ក្នុងបទចម្រៀងខារ៉ាអូខេ ឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ភាពយន្ត និងការងារបង្ហាញម៉ូតជាបន្តបន្ទាប់។ នាងរំពឹងដែរថាការងារសិល្បៈរបស់នាងនឹងបន្តហក់ឡើងនៅដើមចុងឆ្នាំនេះ និងដើមឆ្នាំក្រោយបន្តទៀតព្រោះតែសន្ទុះការងារកាន់តែច្រើនរត់រកនាង៕ វឌ្ឍនា


ចែករំលែក៖