ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករទាញព្រ័ត្រ១០នាក់នឹងចេញទៅប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ នៅសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា អ្នកស្រី ប្រាក់ សម្ផស្ស បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ សហ័ន្ធនឹងបញ្ជូនកីឡាករ១០នាក់ ចេញទៅប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១នៅប្រទេសសិង្ហបុរី។

អ្នកស្រីអគ្គលេខាធិការហាក់មានជំនឿចិត្តខ្ពស់សម្រាប់បេសកម្មដំបូងរបស់អត្តពលទាញព្រ័ត្រ ទោះបីជួបបញ្ហាប្រឈមមួយចំនួនក៍ដោយ ប៉ុន្តែអ្នកស្រីសង្ឃឹមថា អាចរកបានមេដាយត្រឡប់មកជូនប្រទេសជាតិវិញពុំខានឡើយ ។

អ្នកស្រី ប្រាក់ សម្ផស្ស បានឲ្យដឹងថា ទោះបីជាការហ្វឹកហាត់របស់អត្តពលិករបស់ ខ្លួនកំពុងជួបការខ្វះខាតសម្ភារក៏ពិតមែន ប៉ុន្តែអ្នកស្រី មានជំនឿចិត្តខ្ពស់ ថាអាចដណ្តើមបានជ័យជម្នះក្នុងការប្រកួតជើងឯកកីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍ ។ អ្នកស្រី បានបន្ថែមថា សម្រាប់អត្តពលិកដែលសហព័ន្ធគ្រោងបញ្ជូនទៅចូលរួមប្រកួត មានចំនួន១០នាក់ ប្រកួតលើវិញ្ញាសា បុរសអាយុលើស២៣ឆ្នាំ ក្នុងប្រភេទទម្ងន់សរុប៦៤០គីឡូក្រាម ។

ដោយឡែកកីឡាករ ដួង មាសបញ្ញា ដែលជាអត្តពលិកត្រៀមចេញទៅចូលរួមប្រកួតនោះ បានបង្ហាញក្តីរំពឹងថា ក្រុមរបស់ខ្លួននិងដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍ ប្រកួតជើងឯកកីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍លើកទី១១មកជូនប្រទេសកម្ពុជា។

សូមបញ្ជាក់ថា អត្តពលិកកីឡាទាញព្រ័ត្រកម្ពុជាដែលមានឈ្មោះ ទៅចូលរួមប្រកួតនេះមានចំនួន១០នាក់ ត្រូវចេញដំណើរទៅនៅថ្ងៃទី១០ ខែសីហា និង ប្រកួតផ្លូវការថ្ងៃទី១២ រួចត្រឡប់មកវិញថ្ងៃទី១៣ ខែសីហា ៕ សារីម


ចែករំលែក៖