ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបទីតាំងប្លុកតាមផ្លូវរថភ្លើង ដែលសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពជូញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនប្តីប្រពន្ធ២នាក់និងដកហូតសារធាតុញៀនចំនួន១៨កញ្ចប់តូច ១កញ្ចប់ធំនិងថ្នាំគ្រាប់ចំនួន២៧គ្រាប់ផងដែរ ។
ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៧នេះ នៅចំណុចតាមបណ្តោយផ្លូវលេខ៥៩៨ ម្ដុំត្រឡោកបែក (ផ្លូវរថភ្លើង)ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យ២នាក់ប្ដី ប្រពន្ធដែរត្រូវកម្លាំងឃាត់ខ្លួននោះ ទី១ឈ្មោះ នៅ មុំ ភេទស្រី អាយុ៤៩ឆ្នាំ ស្នាក់នៅបន្ទុប់ជួលគ្មានលេខ ភូមិ១៦ ម្ដុំត្រឡោកបែក តាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់១(ប្រពន្ធ) និងប្ដីមានឈ្មោះ បិន ប៉ោង ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅជាមួយគ្នា។
មន្រ្តីអាវុធហត្ថដដែរ បានបន្តទៀតថា នៅមុនពេលឃាត់ខ្លួននិងឈានទៅដល់ការឆែកឆេរផ្ទះជនសង្ស័យគឺ កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ ដោយដឹងច្បាស់ថាស្រ្តីជាប្រពន្ធតែងតែ ឈរលក់សារធាតុញៀននៅតាមបណ្ដោយផ្លូវរថភ្លើង លុះដល់ថ្ងៃកើតហេតុ ទើបកម្លាំងកងរាជអាវុធហត្ថ ចុះប្រតិបត្តិការឃាត់ខ្លួនស្រ្តីជាប្រពន្ធជាក់ស្តែងនិងដកហូតគ្រឿងញៀនពីស្រ្តីរូបនេះចំនួន១៨កញ្ចប់តូច រួចបន្តមកឆែកឆេដល់ផ្ទះស្រ្តីសង្ស័យ ដោយរកឃើញ សារធាតុញៀនចំនួន១កញ្ចប់ធំនិងប្រភេទថ្នាំយ៉ាម៉ាចំនួន២៧គ្រាប់បន្ថែមទៀត ។
ក្រោយប្រតិបត្តិការសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដីប្រពន្ធនិងវត្ថុតាងប្រភេទក្រាមសថ្លា១កញ្ចប់ធំ ១៨កញ្ចប់តូចនិងប្រភេទថ្នាំយ៉ាម៉ាចំនួន២៧គ្រាប់ផងដែរ ។
បច្ចុប្បន្នជនសង្ស័យ២នាក់ប្តីប្រពន្ធរួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំទៅមូលដ្ឋាន បញ្ជាការដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីកសាងសំណុំរេឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ស តារា