ភ្នំពេញ៖ ស្ងប់ស្ងាត់មួយដង្ហើមខ្លីតារាចម្រៀងចាន់ ស្រីនាថ លេចមុខជាថ្មីជាមួយនឹងឈុតសម្លៀកបំពាក់ស៊ិចស៊ីប្លែក។ នាងថា ជារូបថតថ្មីដែលនាងថតទុកជាអនុស្សាវរីយ៍ទុកមើលនៅថ្ងៃក្រោយ ពិសេសសម្រាប់ការរៀបចំផ្ទាំងផ្សព្វផ្សាយចេញច្រៀងនៅអូស្ត្រាលី។
ចាន់ ស្រីនាថ បានបាត់មុខមួយរយៈពីការចេញច្រៀងតាមឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានា។ នាងបញ្ជាក់ថា ការបាត់មុខមួយរយៈពីការងារសិល្បៈ ព្រោះតែនាងមានភារៈផ្ទាល់ក្នុងគ្រួសារ ប៉ុន្តែការច្រៀងរបស់នាងនៅតាមក្លឹបកម្សាន្តមិនផ្អាកនោះទេ។ នាងថា ជាឆ្នាំងបាយហើយចោលមិនបានទេការងារច្រៀង ប៉ុន្តែពេលខ្លះការងារច្រើនពេកនាងក៏ចង់ទុកពេលសម្រាកខ្លះៗដែរ។ តារាស្រីរូបនេះ លើកឡើងថា នាងនឹងត្រូវចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីក្នុងពេលដ៏ខ្លីខាងមុខនេះ។ នាងថាក្រោយទំនេរបន្តិចនាងបានថតរូបថ្មីដើម្បីទុកជាអនុស្សារីយ៍ហើយរូបថតមួយចំនួននឹងត្រូវប្រើប្រាស់ក្នុងផ្ទាំងផ្សព្វផ្សាយនៃការចេញច្រៀងរបស់នាងដែរ។
នាងថា ការថតរូបជាចំណង់ចំណូលចិត្តរបស់នាង ព្រោះពេលវេលានឹងផ្លាស់ប្តូរហើយនឹងមានរបស់ដែលនៅសល់ដែរនោះគឺរូបថត។ តារាចម្រៀងប្រចាំក្លិបកម្សាន្តRCAរូបនេះបញ្ជាក់ដែរថា រូបថតប៉ុណ្ណឹងគឺមិនជាស៊ិចស៊ីជ្រុលនោះទេ ហើយនាងរំពឹងថា ទស្សនិកជនអាចទទួលយកបាន។
ក្រៅពីការច្រៀងនាងនឹងបន្តឆ្លៀតសម្តែងបទចម្រៀងខារ៉ាអូខេ និងឈុតផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនទៀត ជាមួយនឹង កម្មវិធីប្រគុំតន្ត្រីធំៗជាច្រើននៅតាមបណ្តាខេត្តនានានៅពេលខាងមុខផងដែរ៕ វឌ្ឍនា