បណ្តាញព័ត៌មាន MENA កាលពីថ្ងៃទី១០ ខែកក្កដា បានផ្សាយថា ប្រទេស កាតារ បានគំរាមដកខ្លួនចេញពីគណៈកម្មា ធិការសហប្រតិបត្តិការឈូងសមុទ្រGCC ប្រសិនបើលក្ខខណ្ឌរបស់កាតារមិនត្រូវ បានប្រទេសឈូងសមុទ្របំពេញទៅតាមទេនោះ។ នេះជាលក្ខខណ្ឌស្នើបញ្ច្រាសទៅកាន់ប្រទេសដែលដាក់គំនាបទៅលើកាតារដោយឲ្យកាតារត្រូវតែបំពេញទៅ តាមលក្ខខណ្ឌ១៣ចំណុចដែលប្រទេស ទាំង៤បានដាក់ចេញ។
រដ្ឋមន្ត្រីការបរទេសកាតារលោក Shei kh Mohammed Bin Abdulrahman Al Thani បានផ្ញើលិខិតទៅកាន់អគ្គលេខា ធិការ GCC លោក Abdul Latif Bin Rashid Al Zayani ក្នុងនោះកាតារបានស្នើនូវលក្ខខណ្ឌរបស់ខ្លួន ហើយប្រសិនបើមិនអាចបំពេញតាមទេនោះកាតារនឹងដកខ្លួនចេញពី GCC។
រដ្ឋមន្ត្រីការបរទេសកាតារបានបញ្ជាក់ថា កាតារបានគោរពទៅតាមសេចក្តី សម្រេច និងច្បាប់អន្តរជាតិស្តីពីសង្គ្រាមវាយប្រហារក្រុមភេរវកម្ម ហើយកាតារមិន មានការចរចាណាមួយពីអធិបតេយ្យរបស់ខ្លួនឡើយ។ រដ្ឋមន្ត្រីការបរទេសកាតារ បានបញ្ជាក់ទៀតថា កាតារនឹងចេញសេចក្តីប្រកាសផ្តល់ពេលវេលារយៈពេល៣ថ្ងៃ សម្រាប់ប្រទេសក្នុងតំបន់លុបចោលការឡោមព័ទ្ធកាតារ និងសងសំណងពីការខូច ខាតនយោបាយ និងសេដ្ឋកិច្ចដែលកាតារទទួលរងនាពេលកន្លងមក។
នៅក្នុងលិខិតផ្ញើទៅកាន់ប្រធាន GCC បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើផុត កំណត់ប្រទេសទាំងនោះមិនបំពេញទៅ តាមសំណើនោះ កាតារនឹងដកខ្លួនចេញពី GCC ជាផ្លូវការ។
សូមបញ្ជាក់ផងដែរថា ប្រទេសកាតារ កាលពីថ្ងៃទី៥ ខែមិថុនា ត្រូវបានប្រទេស សាវឌីអារ៉ាប៊ី អារ៉ាប់រួម បារ៉ែន និងអេហ្សុីបបានកាត់ផ្តាច់ទំនាក់ទំនងការទូត និងសេដ្ឋ កិច្ចជាមួយដោយចោទប្រកាន់ប្រទេសនេះគាំទ្រក្រុមភេរវកម្ម។ ប្រទេសទាំង៤ខាង លើបាន បណ្តេញពលរដ្ឋកាតារចេញពី ប្រទេសរបស់ខ្លួន និងបិទជើងហោះហើរចេញចូលកាតារទៀតផង។
កាលពីថ្ងៃទី២២ ខែមិថុនា ប្រទេស ទាំង៤បានចេញឱសានុវាទដែលមានលក្ខខណ្ឌ១៣ចំណុចឲ្យកាតារអនុវត្តតាមក្នុងនោះមានដកកម្លាំងទាហានទួរគីចេញពីកាតារ និងឈប់ទំនាក់ទំនងជាមួយអុីរ៉ង់ និង បិទបណ្តាញផ្សព្វផ្សាយដ៏ល្បី Al Jazeera។
នៅពេលនេះ កាតារមិនត្រឹមតែច្រានចោលសំណើ១៣ចំណុច ពី៤ប្រទេសខាងលើឡើយថែមទាំងដាក់ឱសានុវាទតបទៅកាន់៤ប្រទេសវិញក្នុងរយៈពេល៣ថ្ងៃ បើ មិនបញ្ចប់ការឡោមព័ទ្ធទេនោះកាតារនឹងដកខ្លួនចេញពី GCC៕ ម៉ែវ សាធី