ភ្នំពេញ៖ ខ្សែភាពយន្តខ្មែរខ្នាតធំ ដែលល្បីល្បាញថាល្អមើល និងផលិតដោយផលិតករខ្មែរយើងគឺរឿង “ស្បែកគង់” និងរឿង “ចន្រ្ទា” ត្រូវបានទូរទស្សន៍ថ្មីមួយគឺ ទូរទស្សន៍ Town Full HD TV ប្រកាសថានឹងចាក់ផ្សាយជូនទស្សនិកជនទស្សនាដោយឥតគិតថ្លៃតាមរយៈកញ្ចក់ទូរទស្សន៍របស់ខ្លួន។
ស្ថានីយ៍ទូរទស្សន៍ Town Full HD TV បាននាំយកខ្សែភាពយន្តខ្មែរខ្នាតធំទាំងពីរនេះចាក់ផ្សាយជូនបងប្អូនគ្រប់ខេត្តក្រុង អោយបានទស្សនាទាំងអស់គ្នាដោយឥតគិតថ្លៃ។ រឿង “ស្បែកគង់” នឹងចាក់ផ្សាយនៅថ្ងៃទី២៤ ខែកក្កដា វេលាម៉ោង៧យប់ និងរឿង“ចន្រ្ទា” ចាក់ផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ម៉ោង៧យប់ដូចគ្នា។
ក្នុងចំណោមទូរទស្សន៍ក្នុងប្រមាណជិត២០ស្ថានីយ៍ ដោយមិនរាប់បញ្ចូល ទូរទស្សន៍ អនឡាញ ដោយស្ថានីយ៍ទូរទស្សន៍ Town Full HD TV ក៏នឹងនាំយកនូវ កម្មវិធីទូរទស្សន៍ល្បីៗលើពិភពលោក រួមជាមួយខ្សែភាពយន្តល្បីៗ មកចែកជូន ជាចំណីចក្ខុ ដល់បងប្អូន ប្រជាពលរដ្ឋបានទស្សនា ដោយសេរី។
ស្ថានីយទូរទស្សន៍ថោនមានកម្មវិធីកំសាន្តដ៏សំបូរបែបជាច្រើនដទៃទៀត រៀបចំជាពិសេសតម្រូវចិត្តទស្សនិកជនខ្មែរយើង”។
គួររំលឹកផងដែរថា ខ្សែភាពយន្តខ្មែរខ្នាតធំទាំងពីរសុទ្ធតែបានចាក់បញ្ចាំងរកចំណូលនៅរោងភាពយន្តទំនើបៗរបស់បរទេស ហើយនេះក៏ជាមោទនភាពមួយក្នុងវិស័យសិល្បៈភាពយន្តខ្មែរផងដែរ៕ ស តារា