ខេត្តពោធិ៍សាត់៖ បុរសកម្មករក្រុមហ៊ុន(ចិន)ធ្វើផ្លូវម្នាក់ កំពុងដេកក្នុងអង្រឹងសុខៗ ស្រាប់តែបុរសជាកម្មករធ្វើការជាមួយទាញកាំបិតផ្គាក់ដើរទៅកាប់លើផ្ទៃមុខទាំងកម្រោលបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ដែលករណីគេសង្ស័យអាចជាការកាប់ច្រឡំ ព្រោះជនដល់គេឃើញផឹកសុីជាមួយបុរសផ្សេងម្នាក់ទៀត ថែមទាំងមានទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក ឡើងតឹងសរសៃកររៀងៗខ្លួនទៀតផង។
ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៥២នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចអូរជាំស្លស ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ឧត្តមសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា បុរសជាជនរងរបួសឈ្មោះ សោម រ៉ាឌី ភេទប្រុស អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ មុខរបរកម្មករក្រុមហ៊ុន(ចិន)ធ្វើផ្លូវ ចំណែករីឯជនបង្កដៃដល់ឈ្មោះ អ៊ុន រ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើជាមួយគ្នា។
លោក វរសេនីយ៍ត្រី អធិការនគរបាលស្រុកវាលវែងបន្តថា តាមចម្លើយសាភាពរបស់ជនបង្កដៃដល់(អ៊ុន រ័ត្ន) មុនកើតហេតុខ្លួនបាននាំគ្នាផឹកសុីជាមួយមិត្តភ័ក្រផ្សេងៗ ហើយក៍បានទំនាស់ពាក្យសម្តីជាមួយឈ្មោះ លិ ខណៈនោះឈ្មោះ លិ ចុះចេញបាត់ទៅ ខ្លួនស្មានតែឈ្មោះ លិ សំងំដេកនៅក្នុងអង្រឹងក៍ទាញយកកាំបិតផ្គាក់កាប់លើផ្ទៃមុខ ១កាំបិត បំរុងកាប់បន្ថែមទៀតតែត្រូវបានមិត្តភ័ក្រផ្សេងៗចាប់ជាប់តែម្តង។
លោក អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបន្តទៀតថា ចំពោះជនបង្កដោយចេតនាដៃដល់ត្រូវបានសមត្តកិច្ចនគរបាលឃាត់ខ្លួន យកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បន្តនីតិវិធីនារសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ៕ ប៉ឹម ពិន