ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងរៀបចំដែនដីប្រកាសឲ្យដឹងពីការរុះរើអគារប៊ូឌីញ « ស »ចាបពីថ្ងៃ១៧កក្កដាតទៅ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹង ដល់សាធារណជនកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នេះថា អគារប៊ូឌីញ «ស» មានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងតម្រូវឱ្យធ្វើការរុះរើចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ តទៅ បន្ទាប់ពីសំណង់នេះបានសាងសង់ឡើងនាឆ្នាំ១៩៦៣ ហើយបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមត្រូវការអភិវឌ្ឍន៍ឡើងវិញ ។

ក្រសួងបានអះអាងថា «ការរុះរើនឹងមានការរំខានដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំង ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលទាមទារនូវការប្រុងប្រយ័ត្ន និងសហការ»។ ដោយសារស្ថានភាពចាស់ទ្រុឌទ្រោម រាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង សម្រាប់បងប្អូនម្ចាស់កម្មសិទ្ធអគារប៊ូឌីង ដោយសហការជាមួយនឹងក្រុមហ៊ុនជប៉ុនឈ្មោះ ក្រុមហ៊ុន Arakawa។ ក្រោយការជួបប្រជុំជាបន្តបន្ទាប់ម្ចាស់កម្មសិទ្ធិទាំងអស់បានព្រមព្រៀងជាមួយនឹងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ព្រមលក់បន្ទប់របស់ខ្លួនក្នុងតម្លៃ១.៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដល់ក្រុមហ៊ុនជប៉ុន។បើគិតត្រឹមម៉ោង ៥:០០ ល្ងាច ថ្ងៃទី ១០ ខែកក្កដា គ.ស.២០១៧ ប្រជាពលរដ្ឋជាម្ចាស់ ចំណែកឯកជនក្នុងអគារសហកម្មសិទ្ធិប៊ូឌីញ «ស» ចំនួន ៤៦៧ បន្ទប់ស្នាក់នៅ បានទទួលប្រាក់ទូទាត់រួច និងបានប្រគល់បន្ទប់ជូនក្រុមហ៊ុន ដោយបានចាកចេញពីបន្ទប់ស្នាក់នៅទៅតាំងទីលំនៅថ្មី តាមបំណងប្រាថ្នារបស់ពួកគាត់ ។ ទន្ទឹមនេះ ក្រុមហ៊ុនក៏បានឧបត្ថម្ភថវិកា១០០ដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត សម្រាប់ការរើអីវ៉ាន់ចាកចេញ ព្រមទាំផ្ដល់ជូនសារុង ០១ និងក្រមា ០១ ដែលជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៀតផង ។

សូមបញ្ជាក់ថា នៅអគារប៊ូឌីញមានប្រជាពលរដ្ឋជាម្ចាស់ ចំណែកឯកជនក្នុងអគារសហកម្មសិទ្ធប៊ូឌីញ មានចំនួនសរុប៤៩២ បន្ទប់ ហើយរហូតមកដល់ពេលនេះនៅមានពលរដ្ឋមិនទាន់ចាកចេញចំនួន៧គ្រួសារប៉ុណ្ណោះ ៕ ប្រាថ្នា


ចែករំលែក៖