ខេត្តព្រះសីហនុ៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧ ភ្ញៀវទេសចរចិននៅតែនាំមុខគេក្នុងចំណោម ភ្ញៀវទេសចរទាំង១០ប្រទេសដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ថា រយៈពេល៦ខែដើមឆ្នាំ២០១៧ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប១.១៨៤.៩៥៥នាក់ មានការកើនឡើង១៤.៧២ភាគរយ បើប្រៀបធៀបរយៈពេល ៦ខែដើមឆ្នាំ២០១៦ មានភ្ញៀវសរុប១.០៣២.៨៨១នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមាន៩៣៨.០៨១នាក់កើនឡើង១៥.៨៤ភាគរយ និងអន្តរ ជាតិមាន២៤៦.៨៧៤នាក់។
រយៈពេល៦ខែ មាននាវាទេសចរណ៍ចូលចត២៩លើក មានភ្ញៀវទេសចរ បរទេសសរុប៣៤.៦៦៧នាក់។ ភ្ញៀវទេសចរចូលតាមច្រកព្រលានយន្តហោះ អន្តរជាតិកងកេងរយៈពេល៥ខែដើម ឆ្នាំ២០១៧ មានចំនួន១.០៤១ជើង មានការកើនឡើង៣៤៤,៧០ភាគរយ និងមានភ្ញៀវទេសចរសរុប៦៦.៧៤៦នាក់ កើន១៨១,៦០ភាគរយ ក្នុងនោះភ្ញៀវជាតិមាន៥២៥នាក់ កើន២៨.៣២១ភាគរយ និងភ្ញៀវអន្តរជាតិមាន២១,៣៨៨នាក់។
លោកបានឱ្យដឹងបន្តទៀតថា ទីផ្សារភ្ញៀវទេសចរទាំង១០ប្រទេស ដែលមកលេងកម្សាន្តខេត្តព្រះសីហនុ នាំមុខគេគឺ៖
ភ្ញៀវទេសចរចិនលេខ ១.មានភ្ញៀវទេសចរសរុប៥៨,៩៤៣នាក់ កើន១៣២,៤៣ភាគរយ។
២. អង់គ្លេស១៩,៨៣៨នាក់ កើន ១០,៧២ភាគរយ។
៣.វៀតណាម១៩,៣៧០នាក់ ថយចុះ ៦,៤៣ភាគរយ។
៤. អាម៉េរិក១៩,៣៦៣នាក់ កើន៣,៤១ភាគរយ។
៥. អូស្ត្រាលី ១៨,៥៨៦នាក់ កើន ៣៥,៥៤ភាគរយ។
៦. អាល្លឺម៉ង់១៨,១៧២នាក់ ថយចុះ ៤,៩៦ភាគរយ។
៧. បារាំង១៦,១០៤នាក់ កើន២១,៣២ភាគរយ។ ៨. រុស្ស៊ី១៤,៩១៦នាក់ ថយចុះ៣៥,៥៩នាក់។
៩. ថៃ១២,០៧១នាក់ កើន៦៣,០៣ភាគរយ និងលេខ១០ កាណាដា ៨,៨០៤នាក់ ថយចុះ ១,៤៥ភាគរយ។
លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ឱ្យដឹងថា ខេត្តព្រះសីហនុ ជាគោលដៅទេស ចរណ៍សំខាន់ ដែលមានហេដ្ឋារចនាសម្ពន្ធល្អ មានដូចជាផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវរថភ្លើង ហើយជាពិសេសទៀតនោះគឺបញ្ហាបរិស្ថាន អនាម័យល្អដោយសារមានការចូលរួមពីវិស័យឯកជន។
មន្ទីរបានបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយពីរបៀប បដិសណ្ឋារកិច្ចពិសេសការបណ្តុះបណ្តាល អប់រំអំពីសេវាកម្មទេសចរបណ្តុះបណ្តាល ស្តង់ដារអាស៊ានដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងផ្ទះសំណាក់ សណ្ឋាគារ មានការយល់ដឹង និងចូលរួមទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តសហការជាមន្ទីរអង្គភាព វិស័យឯកជនបានរៀបចំកែលម្អអនាម័យ បរិស្ថានមានសោភណភាព នៅតាមទីប្រជុំជន តំបន់ឆ្នេរ ពិសេសផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍តាមតំបន់ឆ្នេរកោះ ម្យ៉ាងទៀត ខេត្តព្រះសីហនុ បានបើកជើងហោះហើរ ត្រង់មកពីប្រទេសចិនធ្វើឱ្យកំណើនភ្ញៀវទេសចរចិន មកលេងកម្សាន្ត ខេត្តព្រះសីហនុ កាន់តែច្រើនឡើង និងនាំមុខគេ។
ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ច ពហុបំណងធំជាងគេក្នុងប្រទេសកម្ពុជា ដែលមានកំពង់ ផែអន្តរជាតិទឹកជ្រៅ តំបន់រមណីយដ្ឋាននានា ពិសេសតំបន់ឆ្នេរសមុទ្រមានខ្សាច់សរស្អាត ទឹកសមុទ្រពណ៌ខៀវ និងជីវៈចម្រុះបាតសមុទ្រផ្កាថ្ម ជាដើម ដែលជាកន្លែងទាក់ទាញ ភ្ញៀវទេសចរមកលេងកម្សាន្តខេត្តព្រះសីហនុ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៕ ឆ្លាម សមុទ្រ