ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ឥណ្ឌាបញ្ជូនទាហានទៅកាន់ព្រំដែនជាប់ប្រទេសចិនក្រោយមានការប្រឈមមុខតានតឹងដាក់គ្នា

ចែករំលែក៖

តាមគេហទំព័រ IB Times បានផ្សាយថា កម្លាំងទាហានឥណ្ឌា បានបញ្ជូនបន្ថែម ទៅកាន់ព្រំដែន ស្ថិតនៅក្នុងតំបន់ត្រី កោណ រវាងប្រទេសឥណ្ឌា ចិន និង Bhutan ដើម្បីទប់ទល់ហេតុការណ៍អាក្រក់ ដែលអាចកើតឡើង។

កម្លាំងទាហានឥណ្ឌានៅតាមព្រំដែន បានត្រៀមលក្ខណៈធ្វើសង្គ្រាមខ្ពស់ ក្រោយ ពីមានភាពតានតឹង រវាងឥណ្ឌានឹងចិន។ នេះគឺជាសកម្មភាពថ្មីរបស់ឥណ្ឌាដើម្បីទប់ទល់ជាមួយចិន ដែលបានបញ្ជូនទាហានទៅកាន់ព្រំដែនស្ថិតនៅតំបន់ Khamba Dzong និង តំបន់ Chumbi ។

បច្ចុប្បន្ន ភាពតានតឹងបានកើតឡើងនៅតំបន់ខ្ពង់រាប Doklam គ្រប់គ្រងដោយ ប្រទេស Bhutan ប៉ុន្តែភាគីចិនក៏បានប្រកាស ថា តំបន់នោះស្ថិតនៅក្នុងដែនអធិបតេយ្យ របស់ខ្លួន ។ ឥណ្ឌា និង ប៊ូតាន បានចោទ ប្រកាន់ចិន សាងសង់ផ្លូវ ពីតំបន់ Chumbi ទៅកាន់តំបន់ Doklam ។ រដ្ឋាភិបាល ប៊ូតាន ក៏បានផ្ញើលិខិត ស្នើដល់ប្រទេសចិន ដកចេញនិង រក្សាសភាពដើមនៅទីនោះ ។ចំណែកឥណ្ឌា ចាត់ទុកការសាងសង់ផ្លូវ ដោយមិនមានការឯកភាព គឺជាការប៉ុនប៉ងផ្លាស់ប្តូរបន្ទាត់ព្រំដែន រវាងប្រទេសទាំង ៣។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បានបញ្ជាក់ថា សកម្មភាព ខាងលើនឹងធ្វើឲ្យ បន្ទាត់ព្រំដែនមានការ ប្រែប្រួល ដូចដែលចិនបានធ្វើពីអតីត កាល។ ចំណែកចិន វិញ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានប្រកាស ស្នើឲ្យឥណ្ឌា ដកទាហានចេញពី« ទឹកដីដែលត្រូវបាន ទទួលស្គាល់ជារបស់ចិន»។

ប៊ូតានជាប្រទេសតូចមួយ ដែលមាន ព្រំដែនភាគច្រើនជាប់ប្រទេស ចិន ។ ប៊ូតានមានទំនាក់ទំនងយ៉ាងល្អជាមួយ ឥណ្ឌាតាំងពីដើមមក ហើយនៅពេលដែល ចិន មានសកម្មភាពបញ្ជូនទាហាន ទៅព្រំដែននិងសាងសង់ផ្លូវខុសច្បាប់នោះ ប្រទេស នេះក៏បានស្នើឲ្យឥណ្ឌាជួយធ្វើអន្តរាគមន៍ ដោយមានតែឥណ្ឌាប៉ុណ្ណោះ ដែលអាច ទប់ទល់ជាមួយចិនបាន ។

ចិននិងឥណ្ឌា ជាប្រទេសមហាអំណាច បរមាណូ ដូចគ្នា និងមានសេដ្ឋកិច្ច រីក ចម្រើនជាងគេនៅតំបន់អាស៊ីនាពេលចុងក្រោយនេះ ។ ឥណ្ឌានិងចិនតែងតែប៉ះ ទង្គិចគ្នា ជាបន្តបន្ទាប់នៅតាមបណ្តោយ ព្រំដែន ហើយភាគច្រើនទាហានចិន ជា ​ អ្នកឈ្លានពានចូលក្នុងទឹកដីឥណ្ឌាមុន ឬចិន ជាអ្នកវាយប្រហារទៅលើទីតាំង របស់ឥណ្ឌា នៅព្រំដែន។ វិវាទនៅតាម បណ្តោយព្រំដែន បានបង្កក្តីបារម្ភយ៉ាង ខ្លាំង ពីប្រទេសនៅក្នុងតំបន់ ខ្លាចរាល ដាលទៅជាសង្គ្រាមទ្រង់ទ្រាយធំ។

នៅដើមខែកក្កដា នេះឯកអគ្គរដ្ឋទូត ចិនប្រចាំនៅប្រទេសឥណ្ឌា បានព្រមានថា វិវាទនៅ តាមបណ្តោយព្រំដែន ចិន-ឥណ្ឌា ក្នុង តំបន់ភ្នំ Himalaya (ហិមពាន្ត)គឺជា ការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន រយៈពេល៣០ឆ្នាំកន្លងមក។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌា លោក Luo Zhaohuiបានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ចិនបានរិះគន់យ៉ាងខ្លាំង ដល់សកម្មភាពបង្កើនទាហាននៅព្រំដែន រួមរបស់ឥណ្ឌា និងចិន ហើយអំពាវនាវឲ្យដោះស្រាយវិវាទខាងលើ តាមរយៈកិច្ចការ​បរទេស។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា ប្រទេសទាំងពីរបានបញ្ជូនកម្លាំងទាហាន ម្ខាងៗប្រមាណ ៣០០០នាក់ ទៅកាន់ព្រំ ដែន តំបន់ Sikkim, Bhutan , តំបន់ទីបេ។

កាលពីខែមុន ចិន ក៏បានចាប់ផ្តើមសាងសង់ផ្លូវនៅតំបន់របស់Bhutan ដែលចិន បានប្រកាសថា ស្ថិតនៅក្នុងដែនអធិប តេយ្យ របស់ខ្លួន។ នៅពេលនោះ ពលរដ្ឋ នៅ ហិមពាន្ត (ទីបេ) បានស្នើដល់ឥណ្ឌា ជួយ ហើយឥណ្ឌាក៏បានបញ្ជូនទាហាន ទៅកាន់ តំបន់Donglang ។ កាលពីថ្ងៃទី ២៨ ខែមិថុនា Bhutan បានប្រកាស ប្រឆាំងនឹងការឈ្លានពានរបស់ចិន ហើយអំពាវនាវឲ្យចិនផ្អាកសកម្មភាពជាឯកតោភាគីនៅទីនោះ ពិសេសគឺការសាងសង់ផ្លូវ ខុសច្បាប់។

មន្តី្រជាន់ខ្ពស់ឥណ្ឌាបានបញ្ជាក់ថា តំបន់Chumbi ស្ថិតនៅ donglang ក្នុង ស្រុក Yadongរបស់ទីបេ គឺជាទឹកដីមាន វិវាទរវាងចិន នឹង Bhutan ។ ទីនោះមាន ភូមិសាស្ត្រ ល្អសម្រាប់ទាំងចិន និងឥណ្ឌា ។

រដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថា តំបន់Donglang គឺជាតំបន់វិវាទរវាងចិន នឹង ប៊ូតាន ហើយបានចោទប្រកាន់ឥណ្ឌាជាអ្នកជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ ប៊ូតាន ។ ជាមួយគ្នានោះ ឥណ្ឌាក៏បានចោទប្រកាន់ទៅលើប្រទេសចិនវិញថា បានធ្វើ ហួសព្រំដែន ដោយប្រើរថយន្តឈូសឆាយបំផ្លាញកុងត្រូល២កន្លែងរបស់ឥណ្ឌា។

តាមសារព័ត៌មាន SCMP បានផ្សាយថា មន្ត្រីយោធាប្រទេសទាំងពីរបានព្រមានថាភាពតានតឹង អាចបង្កទៅជាសង្គ្រាម ដូច ឆ្នាំ១៩៦២ ធ្វើឲ្យមនុស្ស រាប់សិបពាន់នាក់ ស្លាប់។

នៅពេលនេះដែរ មន្ត្រីចិនបានបញ្ជាក់ ថា ឥណ្ឌាគួរតែរៀនសូត្រពីមេរៀនកាលពីឆ្នាំ១៩៦២ ។ ឆ្លើយតបវិញ រដ្ឋមន្ត្រីការពារ ជាតិឥណ្ឌា លោក ArunJaitley បានបញ្ជាក់ ថា «ឥណ្ឌា នៅឆ្នាំ២០១៧ ខុសពីឥណ្ឌា កាលពីឆ្នាំ១៩៦២»។

កាលពីសង្គ្រាម រវាងចិននឹងឥណ្ឌានៅតាមព្រំដែននាពេលនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិដោយសារតែជាសង្គ្រាមទ្រង់ទ្រាយធំ និង នៅកម្ពស់៤.២៥០ម៉ែត្រ។ ទាហានជំនួយ របស់ប្រទេសទាំងពីរក៏ពិបាកទៅកាន់ ទីនោះផងដែរ។ សង្គ្រាមពេលនោះទាហានទាំងពីរមិនបានប្រើប្រាស់ទាហានអាកាស ឬ ជើងទឹកឡើយ ប្រើតែទាហានថ្មើរជើង ប៉ុណ្ណោះ។ក្រោយសង្គ្រាមនោះ ទាហាន ឥណ្ឌាបានផ្លាស់ប្តូរទាំងស្រុង ដើម្បីត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាមនាពេលអនាគត។

ទំនាក់ទំនងចិន-ឥណ្ឌា រងផលប៉ះពាល់ ដោយសារតែបញ្ហាព្រំដែន មិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយរយៈពេល ជាង ៥០ឆ្នាំកន្លងមក។ ប្រទេសទាំងពីរ មានខ្សែបន្ទាត់ព្រំដែនគោល ៣.៥៥០គីឡូ ម៉ែត្រ ត្រូវបានបែងចែកដោយភ្នំ ហិម ពាន្ត។ ពេលដំបូង ទីតាំងសំខាន់របស់ ប្រទេស មហាអំណាចអាស៊ីទាំងពីរ គឺជា ទីបេ ប៉ុន្តែនៅឆ្នាំ១៩៥០ ទីបេ ត្រូវបានចិន គ្រប់គ្រង ។ បច្ចុប្បន្ន មានតំបន់សុវត្ថិភាព ២សម្រាប់ចិននិងឥណ្ឌា គឺប្រទេស នេប៉ាល់ និង ប៊ូតាន ស្ថិតនៅភាគខាងត្បូង ជើងភ្នំ ហិមពាន្ត៕ ម៉ែវ សាធី


ចែករំលែក៖