ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហើយរត់មិនរួចត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បានស្ចាគមន៍រហូតស្លាប់

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរលួចម៉ូតួម្នាក់ត្រូវបានប្រជាពលរដ្ឋ ស្ទាក់ចាប់បានបន្ទាប់ពីលួចម៉ូតូបានហើយជិះរត់គេចខ្លួនមិនរួច ក៏នាំគ្នាស្វាគមន៍រហូតដក់ដាច់ខ្យល់ស្លាប់នៅនឹងកន្លែងគួរឲ្យអាសូរបំផុត។

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ម៉ូតូ និងសពជនសង្ស័យត្រូវបានរក្សាទុកនៅកើតហេតុ រង់ចាំសមត្ថកិច្ចខាងខេត្តតាកែវ ម្ចាស់ករណីមកទទួលយកទៅបន្តនីតិវិធី។

ម្ចាស់ឈ្មោះ ងួន ប៊ុនថុន ភេទប្រុសអាយុ47ឆ្នាំ ម៉ូតូc125សេរី2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1I44 55 រស់នៅភូមិឈូកសខាងត្បូង ឃុំសឹងស្រុកសំរោង ខេត្តតាកែវ។

លោកវរសេនីយ៍ត្រី ទុយ ថេន អធិការរងនគរបាលស្រុកគងពិសីបានប្រាប់ថា ករណីលួចនេះ បានកើតឡើងនៅភូមិឈូកសរខាងត្បូង ឃុំសឹងស្រុកសំរោង ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី13 ខែកក្កដា ឆ្នាំ2017 តែ ម្ចាស់បានដេញតាមពីក្រោយ ដល់ចំណុចប្រឡាយទឹកខាងលិចភូមិព្រឹងទឹកចំងាយ300ម៉ែត្រ ស្ថិតនៅភូមិព្រឹងទឹក ឃុំរកាកោះ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ទើបចាប់បាន។

ម្ចាស់ម៉ូតូបានប្រាប់ថា មុនពេលកើតហេតុគាត់បានទុកម៉ូតូនៅក្រោមផ្ទះ ដោយមានចាក់សោយ៉ាងត្រឹមត្រូវ ហើយក៏ដើរទៅក្នុងភូមិ ស្រាប់តែគាត់បានលឺសំឡេងបញ្ឆេះម៉ូតូ ពេលនោះគាត់ក្រឡេកមកមើល ស្រាប់តែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់គាត់រត់យកទៅ ភ្លាមនោះដែរ គាត់ក៏ស្រែកចោរៗ ហើយក៏ផ្អើលឆោឡោដឹងដល់បងប្អូនអ្នកភូមិបាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយយ៉ាងប្រកិត ដោយបានស្រែកហៅឲ្យឈប់តែជននេះមិនបានឈប់នោះទេ ដោយបានបើកម៉ូតូរត់គេចពីខាងដី ខេត្តតាកែវ (ភូមិឃុំកើតហេតុ)សំដៅមកផ្លូវជាតិលេខ៣ ឆ្លងចូលដីស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅចំណុចប្រឡាយទឹកខាងលិចភូមិព្រឹងទឹក ចំងាយ300ម៉ែត្រ ជននេះបានផ្តួលម៉ូតូចោលប្រុងរត់គេច តែត្រូវប្រជាពលរដ្ឋក្នុងភូមិចេញមកជួយស្ទាក់ចាប់បាន ក៏ស្វាគមន៍ម្នាក់មួយដៃមួយជើងរហូតដល់ស្លាប់ ។

រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា សពជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ហើយម៉ូតូក៏មិនទាន់ប្រគល់ឲ្យម្ចាស់វិញដែរ រង់ចាំសមត្ថកិច្ចខាងស្រុកសំរោងខេត្តតាកែវមកបំពេញឯកសារប្រគល់ ទទួលជាមុនសិន ទើបខាងកំពង់ស្ពឺហ៑ានប្រគល់ឲ្យទៅម្ចាស់វិញ៕ សេនាស័ក្តិ


ចែករំលែក៖