ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ពាក្យសម្តីប្រើហិង្សាដាក់គ្នារបួសដេរ៤ថ្នេរ ប៉ូលិសចាប់បាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវៗមួយក្រុមបានបង្កទំនាស់ពាក្យសំដីដាក់គ្នា រហូតឈានដល់ប្រើអំពើហិង្សា វាយតប់កាប់ចាក់គ្នាបណ្តាលអោយមានរងរបួសស្នាមម្នាក់ តែជនបង្ករត្រូវបានប៉ូលិសឃាត់ខ្លួន២នាក់ភ្លាមៗ នៅកន្លែងកើតហេតុ ត្រង់ចំណុចផ្ទះជួលមួយកន្លែងក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧កន្លះ ព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។

ក្រុមជនបង្កក្នងអំពើហិង្សានេះ ១ ឈ្មោះ អ៊ុល វុទ្ឋី ហៅធី ភេទប្រុសអាយុ១៩ឆ្នាំ ២ ឈ្មោះ រី គឹមស៊ាង ហៅ ហេង ភេទប្រុស អាយុ២០ឆ្នាំ។ ជនទាំង២នាក់គ្មានមុខរបរ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ។

លោក ដួង វណ្ណះ នាយប៉ុស្តិ៍ស្តីទី នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា ក្រោយពេលសាកសួរគូភាគីទាំង២រួមនិងសាក្សីនៅទីនោះផងបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ម៉ែន វុទ្ឋី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល បានទៅអង្គុយលេងបន្ទប់របស់ ឈ្មោះអ៊ុល វុទ្ឋី និងឈ្មោះហៀង ដែលមានបន្ទប់ជួលនៅក្បែរគ្នា។

បន្តិចក្រោយមកក៏មានទំនាស់ពាក្យសំដីគ្នា តិចតួច តែភាគីឈ្មោះអ៊ុល វុទ្ឋី និងឈ្មោះហៀង កាន់ដាវ និង និងដំបង និងឈ្មោះ រី គឹមស៊ាង ៣នាក់ទៀតមិនស្គាល់ឈ្មោះ បាននាំគ្នាស្ទុះមកវាយនិងកាប់ទៅលើឈ្មោះ ម៉ែន វុទ្ឋី បណ្តាលឲ្យរងរបួសដេកដួលនៅកន្លែងកើតហេតុ។

ប្រភពដដែលបន្តថា ភ្លាមៗនោះដែរ ម្ចាស់ផ្ទះជួលបានទូរស័ព្ទមកប្តឹងប៉ូលិសមូលដ្ឋាន ឲ្យមកជួយអន្តរាគមន៍ឃាត់ខ្លួនបាន២នាក់ ឈ្មោះ អ៊ុល វុទ្ឋី និងឈ្មោះ រីគឹមស៊្រាង រីឯឈ្មោះហៀង ក្ខពួកគេ៣នាក់ទៀតរត់គេចខ្លួនបាត់។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដេរស្នាមរបួសដងខ្លួន ចំនួន៤ថ្នេរ ហើយប៉ូលិសកំពុងនាំខ្លួនជនបង្កមកឃុំខ្លួនរៀបចំបញ្ជូនទៅតុលាការ ចោទពីបទបង្ករបួសស្នាមដោយចេតនា៕ តុង សីហា


ចែករំលែក៖