ភ្នំពេញ៖ យុវជនម្នាក់បានបែកថ្នាំបង្កហិង្សាទៅលើឪពុកបង្កើត ដោយយកដបសាំងមកវាយក្បាលបណ្តាលបែកហូរឈាមរងរបួសធ្ងន់ ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ០១ និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧ ដែលស្ថិតនៅចំណុចក្នុងផ្ទះលេខ ៥៤៣ ផ្លូវលេខ៣៧១ ភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ម៉េង មនោ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ៥៤៣ ផ្លូវលេខ៣៧១ ភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ុត ប៊ុណ្ណាត ភេទ ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ៥៤៣ ផ្លូវលេខ៣៧១ ភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។
វត្ថុតាងចាប់យក៖ អំបែងដបសាំងមួយចំនួន ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ០១ និង ៣០ នាទីរំលងអធ្រាត្រ នៅចំណុចក្នុងផ្ទះលេខ ៥៤៣ ផ្លូវលេខ៣៧១ ភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ជនសង្ស័យឈ្មោះ ម៉េង មនោ បានត្រឡប់មកពីផឹកស៊ីនិយាយខ្ចីម៉ូតូ០១គ្រឿងម៉ាកធូដេ ពណ៍សលាយផ្កាឈូកដើម្បីជិះដើរលេង ពេលនោះជនរងគ្រោះជាឪពុកបង្កើតឈ្មោះ ម៉ុត ប៊ុណ្ណាត ដែលកំពុងសម្រាកនៅបន្ទប់ក្នុងផ្ទះបានឮចេញមកស្តីបន្ទោសឲ្យជនសង្ស័យជាកូនឈ្មោះ ម៉េង មនោ ក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនសង្ស័យឈ្មោះ ម៉េង មនោ បានយកដបដាក់សាំងវាយទៅលើជនរងគ្រោះជាឪពុកបង្កើតឈ្មោះ ម៉ុត ប៊ុណ្ណាត បណ្តាលឲ្យរបួសថ្ងាស និង ថ្ពាល់ខាងឆ្វេង ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកដង្កោ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ ចំណែកជនសង្ស័យឈ្មោះ ម៉េង មនោ ត្រូវបានក្រុមគ្រួសារចាប់ចងដៃជើងទុកនៅ ក្នុងផ្ទះរហូតដល់វេលាម៉ោង០៩ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ទើបជនរងគ្រោះឈ្មោះ ម៉ុត ប៊ុណ្ណាត និង ក្រុមគ្រួសារបាននាំខ្លួនជនសង្ស័យឈ្មោះ ម៉េង មនោ យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុនសាកសួរ និង ដាក់ ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង បញ្ចូនបន្តទៅតុលារការចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ