ភ្នំពេញ៖ បុរសម្នាក់បានងប់លេងល្បែង ដល់ពេលចាញ់អស់លុយពីហោប៉ៅ ក៏លក់ម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរី ឆ្នាំ២០១៧មកលេងបន្ត ស្រាប់តែនៅមិនឈ្នះ ក៏បានដាក់បញ្ចាំម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរី ឆ្នាំ២០១៦មួយគ្រឿងទៀត បានចំនួន៦០០ដុល្លារ និងបានលេងចាញ់អស់ទៀត។ លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ គាត់បានយកលុយទៅលោះម៉ូតូពីទីតាំងល្បែងស៊ីសង បៀរអាប៉ោង បាល់ និងស្នូកឃ័រមួយនោះ ដែលស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែអ្នកទទួលបញ្ចាំទារឲ្យបង់លុយចំនួន៩០០ដុល្លារ ទាំងការទាំងដើម ទើបបុរសនោះមិនសុខចិត្ត ហើយបានទៅប្តឹងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ចោមចៅជួយអន្តរាគន៍ឃាត់ខ្លួនម្ចាស់ទីតាំងល្បែងនោះតែម្ដង។
ជនសង្ស័យដែលជាម្ចាស់ទីតាំងល្បែង ស៊ីសងនិងជាអ្នកទទួលទិញ និងបញ្ចាំម៉ូតូពីអ្នកចាញ់ល្បែងនោះឈ្មោះ អេង វី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងព្រីង ឃុំយីបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ទីតាំងរបស់ជននោះមានការបើកលេង ល្បែងស៊ីសងដ៏ធំមួយមានដូចជាបៀរ ល្បែងអាប៉ោង ,បាល់ ,និងស្នូកឃ័រ ដែលមានអ្នកភ្នាល់ដាក់លុយចាញ់ មួយថ្ងៃៗរាប់ពាន់ដុល្លារ ហើយអ្វីដែលចាប់អារម្មណ៏នោះ គឺមិនមានសមត្ថកិច្ចហ៊ានបង្ក្រាបឡើយ ព្រោះល្បី ថាមានមន្រ្តីថ្នាក់ឧត្តមសេនីយ៍កំពុងកាងពីក្រោយផង។ ចំណែកបុរសដែលងប់នឹងល្បែង និងតែងតែទៅ លេងនៅទីតាំងខាងលើរហូតដល់ចាញ់អស់គូថខោនោះ ឈ្មោះ ម៉ែន រុណ អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិ ប្រើស ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ រួបគាត់បានទៅលេងបៀនិងអាប៉ោងនៅទីតាំងខាងលើហើយក៏បានចាញ់អស់លុយពីហោប៉ៅ ក៏ដាក់ម៉ូតូហុងដាឌ្រឹមសង់ស៊េរីឆ្នាំ២០១៧ចំនួន១០០០ដុល្លារលេងទៀត។បន្ទាប់ពីដាក់ម៉ូតូបានលុយក៏បន្តលេងទៀតស្រាប់តែចាញ់អស់លុយ១០០០ដុល្លារទៀត ទើបឈប់លេងហើយទៅផ្ទះ។ លុះថ្ងៃទី៣ ខែ ឆ្នាំដដែល ជនរងគ្រោះនៅមិនទាន់អស់ចិត្តក៏មកខ្ចីលុយពីអ្នកទទួលបញ្ចាំចំនួន២០០ដូល្លារទៀតយកទៅចាក់អាប៉ោងបន្ត តែគ្មានវាសនាឈ្នេះ ក៏ចាញ់អស់បោសគូថខោទៀត។ ជនរងគ្រោះបាន ដាក់បញ្ចាំម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DO 4232 ជាកម្មសិទ្ធរបស់ប្អូន និងបានលេងបន្តហើយបានចាញ់អស់ទៀត។
ប្រភពដដែលបានបន្តទៀតថា រហូតមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះបានយកលុយចំនួន៥០០ដុល្លារ សុំលោះម៉ូតូយកទៅអោយប្អូនជិះរៀន តែអ្នកទទួលបញ្ចាំមិនព្រម ហើយបានទារសរុបទាំងការទាំងដើមចំនួន៩០០ដុល្លារ ទើបជនរងគ្រោះមិនសុខចិត្ត ហើយនៅវេលា រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ក៏មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ និងឃាត់អ្នកបញ្ចាំដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចម្ចាស់អ្នកទទួលបញ្ចាំបានសារភាពថាខ្លួនបានយកម៉ូតូជនរងគ្រោះទៅបញ្ចាំបន្តនៅមួយកន្លែងទៀតក្រោយមកសមត្ថកិច្ចបាននាំបុរសអ្នកបញ្ចាំនោះទៅយកបែរជាកន្លែងបញ្ចាំបិទទ្វារចាក់សោបាត់ទៅហើយ ៕ សុខាសែនជ័យ