ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបែកទ្រូងស្លាប់យ៉ាងអាណោចអាធ័ម ខណៈត្រូវម៉ៃក្រូវ៉េវនៃអង់តែនទូរស័ព្ទម៉ូប៊ីតែល (០១២) បានធ្លាក់មកចំលើ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៤នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្មករក្រុមហ៊ុនទូរស័ព្ទ ម៉ូប៊ីតែល (ប្រព័ន្ធ០១២) បានឡើងជួសជុលឧបករណ៍នៅលើអង់តែនទូរស័ព្ទនោះ តែដោយសារមូលហេតុដាច់ខ្សែពួរ ស្រាប់តែធ្លាក់ម៉ៃក្រូវ៉េវ ទូរស័ព្ទនោះចុះមកសង្កត់លើបុរសវ័យចំណាស់ម្នាក់ដែលយាមកាមនៅទីតាំងនោះបណ្តាលឲ្យបែកទ្រូងស្លាប់តែម្តងយ៉ាងអាណោចអាធ័មបំផុត ។
សព ឈ្មោះ ឌូ ឈុន ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរសន្តិសុខឯកជន G P M ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកូន៤នាក់ ។
ម៉ៃក្រូវ៉ែវ គឺជាឧបករណ៍សម្រាប់ចាប់សេវាទូរស័ព្ទ ។ នេះបើតាមអ្នកជំនាញបញ្ជាក់ប្រាប់ ។ ក្រោយបង្កហេតុ កម្មករដែលឡើងជួសជុលអង់តែនទូរស័ព្ទម៉ូប៊ីតែល (០១២) នោះបានរត់គេចខ្លួនបាត់ស្រមោល ៕ តុង សីហា