ភ្នំពេញ៖ ស្ត្រីម្នាក់មានសតិមិនល្អ រត់ឡើងលើអង់តែនវិទ្យុមួយបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងកម្លាំងនគរបាលខណ្ឌព្រមទាំងកម្លាំងនគរបាលនៃស្នងការក្រុង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលមានសតិមិនល្អឈ្មោះ ចរិយា ហៅគឹមឡៃ អាយុ១៨ឆ្នាំ ទីលំនៅស្រុកទឹកឈូ ខេត្តកំពត(សតិមិនល្អ) ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះរត់ឡើងលើអង់តែនវិទ្យុកម្ពស់ប្រហែលជា១៥០ម៉ែត្រ។
បន្ទាប់មក ក្រុមការងារវិទ្យុបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីមកជួយអន្តរាគមន៍ ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋានសហការជាមួយនគរបាលខណ្ឌព្រមទាំងកម្លាំងនគរបាលនៃស្នងការក្រុងយករថយន្តសង្គ្រោះអគ្គីភ័យចំនួន០២គ្រឿងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជួយសង្គ្រោះជនរងគ្រោះឲ្យចុះពីលើកំពូលអង់តែន។
លុះដល់ម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ទើបអាចសង្គ្រោះជនរងគ្រោះចុះពីលើអង់តែនបានដោយសុវត្ថិភាព។
បច្ចុប្បន្ននេះ ជនរងគ្រោះត្រូវបានកម្លាំងនគរបាលខណ្ឌអប់រំ និងទំនាក់ទំនងក្រុមគ្រួសារមកទទួលយកទៅរក្សាវិញ ៕ ភារ៉ា ដង្កោ