ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំពុងបន្តនីតិវិធី បន្ទាប់ពីប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ មិនចូលបង្ហាញខ្លួនតាមការកំណត់

ចែករំលែក៖

ភ្នំពេញ៖ តុលាការកំពុងបន្តនីតិវិធី បន្ទាប់ពីលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ មិនចូលបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ ដើម្បីបំំភ្លឺករណីហិង្សាក្នុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ។

មន្ត្រីតុលាការមួយរូបសុំមិនបញ្ចេញឈ្មោះ បញ្ជាក់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ថា លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មិនទាន់ឃើញអាជ្ញាធរខណ្ឌមានជ័យ រាយការណ៍ពីករណីមិនចូលបង្ហាញខ្លួននេះនៅឡើយទេ ។ ប្រភពដដែលអះអាងថា ស្ថាប័នតុលាការនិងអាជ្ញាធរខណ្ឌមានជ័យ កំពុងពិភាក្សាគ្នាបន្តនីតិវិធីចំពោះករណីនេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ម៉ន ផល្លា ឲ្យចូលខ្លួនទៅបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មុនថ្ងៃទី១៧ ខែកក្កដា ដើម្បីសាកសួរលើករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាលពីថ្ងៃហែក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។

ការចេញដីកាកោះនោះ ដោយមានយោងរបាយការណ៍សុំដីកាបញ្ជាឲ្យចូលខ្លួនរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ តាមមាត្រា៣៧ មាត្រា៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ទោះយ៉ាងណា ករណីនេះ មិនមានដីកាកោះហៅជនដៃដល់ណាម្នាក់ដែលមាននៅក្នុងរឿងនេះឡើយ ពោលគឺតុលាការកោះហៅតែលោក ម៉ន ផល្លា ម្នាក់គត់មកបំភ្លឺ ដោយសារតែលោកជាអ្នករៀបចំ និងដឹកនាំការហែក្បួនឃោសនាបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ៕ ចេស្តា


ចែករំលែក៖