ខេត្តព្រះសីហនុ៖ រថយន្តតាកូម៉ា មួយបាំងកន្លះ ពណ៌ទឹកប្រាក់ ជិះគ្នា២នាក់ មួយគ្រឿងបើកក្នុងល្បឿនលឿនលើផ្លូវកោង បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ កៀបស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍បង្កឡើងដោយការបើកបរខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯងនេះ បានកើតមានឡើងនៅប្រមាណ៦ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣២ លេខ១៣៣ ស្ថិតនៅភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តរងគ្រោះពាក់ស្លាកលេខ ភ្នំពេញ 2AI-7692 បើកបរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងឡើងចំណោត រថយន្តបានរេចង្កូតធ្លាក់ចិញ្ចើមផ្លូវគ្រួសក្រហម បណ្តាលឲ្យក្រឡាប់នៅលើទ្រូងផ្លូវតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកបើកបរ ឈ្មោះ ជិន សឿងទូ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម បានស្លាប់កៀបក្នុងរថយន្តនៅនឹងកន្លែង និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ ហន ស៊ុនវៀត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ វៀតណាម រងរបួសស្រាល ។
ក្រោយពេលកើតហេតុភ្លាមកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ បានសហការជាមួយកំលាំងអធិការនគរបាលស្រុកកំពង់សីលាចុះទៅការពារកន្លែងកើតហេតុ និងជួយសំរួលសណ្តាប់ធ្នាប់បញ្ចៀសចរាចរណ៍ដើម្បីកុំឲ្យកកស្ទះ។
ដោយឡែក រថយន្តសមត្ថកិច្ច និងសពជនរងគ្រោះសមត្ថកិច្ចបានរក្សារទុកនៅកន្លែងកើតហេតុរង់ចាំប្រគល់អោយក្រុមគ្រួសារយកទៅជួសជុល និងទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ