ស្ថានទូតបារាំងប្រកាសព័ត៌មាន
ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧
ប្រទេសបារាំងគាំទ្រគម្រោងថែទាំសុខភាពកម្មការិនីនិងកុមារនៅតាមរោងចក្រកាត់ដេរ
ប្រទេសបារាំងពង្រឹងសកម្មភាពរបស់ខ្លួន សម្រាប់កម្មការិនីបម្រើការក្នុងវិស័យវាយនភណ្ឌនៅ កម្ពុជា តាមរយ:ការបង្កើតសេវាសុខភាព និងការថែទាំកុមារតូចៗនៅតាមរោងចក្រកាត់ដេរ ដោយសហការជាមួយអង្គការ Planète Enfants et Développement ។
កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានចុះហត្ថលេខាលើអនុសញ្ញានៃការផ្តល់ហិរញ្ញប្បទានចំនួន ៣៣០ ០០០ អឺរ៉ូ ជាមួយអង្គការពិភពកុមារនិងអភិវឌ្ឍន៍ ឬ Planète Enfants et Développement (PE&D) ដើម្បីដាក់ឱ្យដំណើរការគម្រោងសេវាសុខភាព និងការថែទាំកុមារសម្រាប់កម្មការិនីរោងចក្រកាត់ដេរនៅកម្ពុជា។
លោក Philippe STEINMETS នាយកទីភ្នាក់ងារ AFD ប្រចាំកម្ពុជា និងលោកស្រី Nathalie DUPONT ប្រធានអង្គការ PE&D បានចុះហត្ថលេខាលើអនុសញ្ញាខាងលើ ដោយមានការចូលរួមពីលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva NGUYEN BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងដៃគូ និងអង្គការសង្គមស៊ីវិលនានាផងដែរ។
គម្រោងនេះនឹងត្រូវអនុវត្តសាកល្បងនៅតាមរោងចក្រចំនួន១២នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយក្រុមការងាររបស់អង្គការ PE&D សហការជាមួយអង្គការគ្រួសារយើង ដែលជាដៃគូ តាំងពីយូរណាស់មកហើយ។ គម្រោងខាងលើនឹងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់កុមារអាយុពី០ទៅ៣ឆ្នាំចំនួន១៤០នាក់ ព្រមទាំងកម្មករ-កម្មការិនីចំនួន១ ២០០នាក់។ បុគ្គលិកប្រមាណ៥០នាក់នឹងទទួលការបណ្តុះបណ្តាលពីការថែទាំសុខភាព និងការមើលថែកុមារនៅក្នុងរោងចក្រ។
គម្រោងថ្មីរបស់អង្គការ PE&D នេះកើតចេញពីគំនិតផ្តួចផ្តើមបច្ចុប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ដាក់ឱ្យដំណើរការសេវាសង្គមកិច្ចនៅតាមរោងចក្រ។ គម្រោងនេះមានគោលដៅបង្កើតឱ្យមានសេវាថែទាំសុខភាពបន្តពូជ និងសុខភាពមាតា(គិលានដ្ឋាន) និងកន្លែងមើលថែកុមារ(ទារកដ្ឋាន)នៅតាមរោងចក្រ។ គម្រោងក៏ផ្តោតផងដែរទៅលើការវាយតម្លៃពីសារសំខាន់នៃសេវាផ្សេងៗដែលត្រូវបានផ្តល់ជូន ដើម្បីបង្ហាញដល់រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ហើយធ្វើយ៉ាងណាឱ្យសេវាទាំងនោះមានលក្ខណៈផ្លូវការ និងត្រូវបានអនុវត្តនៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ច្បាប់ការងារតម្រូវឱ្យមានការបង្កើតគិលានដ្ឋាននៅតាមរោងចក្រដែលប្រើប្រាស់កម្មករនិយោជិតយ៉ាងតិច៥០នាក់ និងទារកដ្ឋាននៅតាមរោងចក្រដែលមានកម្មករនិយោជិតយ៉ាងតិច១០០នាក់។ ប៉ុន្តែការផ្តល់សេវាថែទាំសុខភាព និងការថែទាំកុមារកន្លងមកមិនទាន់មានប្រសិទ្ធភាព ឬនៅមានកម្រិតតិចតួចនៅឡើយ។
ការផ្តល់ហិរញ្ញប្បទាននេះស្ថិតក្នុងក្របខ័ណ្ឌនៃការជួយរបស់ទីភ្នាក់ងារ AFD ក្នុងវិស័យកាត់ដេរនៅកម្ពុជា និងការលើកស្ទួយក្រុមហ៊ុនដែលមានការទទួលខុសត្រូវផ្នែកសង្គម។ ចាប់តាំងពីឆ្នាំ១៩៩៣មក ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបានផ្តល់ហិរញ្ញប្បទានដល់គម្រោងនានាក្នុងរង្វង់ទឹកប្រាក់សរុបជាង៤៣៥លានអឺរ៉ូ ក្នុងនោះ៦០លានអឺរ៉ូនៅឆ្នាំ២០១៦ ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕