ភ្នំពេញ៖ អស់រយៈពេលពីខែហើយដែលកូនប្រុសនាយហុង ដាត្រូវបានមន្ត្រីតុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធធនាគារព្រៃស បន្ទាប់ពីលើកដៃសម្លាប់ប្រពន្ធក្រោយរបស់នាយហុងដា។ កូនប្រុសរូបនេះបានផ្ញើសារតាមនាងឃ្មឹបជាម្តាយថាចង់ជួបមុខឪពុក គ្រាដែលនាងចូលទៅសួរសុខទុក្ខកូននៅពន្ធធនាគារ។
អ្នកនាងរ៉េន សុធារីហៅឃ្មឹបបានបង្ហាញវត្តមានក្នុងការលេងកំប្លែង និងថតភាពយន្តមួយចំនួន។ កម្រៃដែលទទួលបាននាងបានបន្តចិញ្ចឹមជីវិតនៅទីក្រុង និងសន្សំលុយកាក់ខ្លះទិញស្បៀងសម្រប់កូនប្រុសនៅមន្ទីរឃុំឃាំង។ តារាកំប្លែងរូបនេះបាននិយាយថា នាងបានចូលទៅសួរសុខទុក្ខកូនប្រុសនៅក្នុងពន្ធនាគារប្រមាណ៤ដងមកហើយគឺ២សប្តាហ៍នាងទៅម្តង។ នាងថា កូនប្រុសហាក់ប្រែប្រួលចិត្តគំនិតច្រើន ទាំងការនិយាយស្តីហាក់ដឹងខុសត្រូវជាងមុនច្រើន ហើយអ្វីដែលនាងខ្លោចចិត្តអាណិតកូនគឺក្រោយកូនប្រុសជជីកសួររកឪពុក ដែលមិនឃើញទៅសួរសុខទុក្ខកូនប្រុស។ នាងថា កូននាងទទួលស្គាល់ថា ជាកំហុសដែលពិបាកនឹងធ្វើឲ្យឪពុកលើកលែងបាន ប៉ុន្តែកូនប្រុសនាងពិតជាចង់ឃើញមុខឪពុក និងសុំទោស រាល់កំហុសដែលខ្លួនបានប្រព្រឹត្តិកន្លងមក បើទោះបីជាការសុំទោសនេះមិនអាចធ្វើឲ្យអ្វីៗប្រែប្រួលក៏ដោយ។ នាងថា នៅក្នុងពន្ធធនាគារកូនប្រុសនាង បានរៀនជាភាសាអង់គ្លេស ធ្វើឲ្យនាងជាម្តាយកក់ក្តៅនិងក្តុកក្តួលពេលឃើញកូនចេះប្រែគំនិតដឹងខុសត្រូវជាងមុនច្រើន។ នាងបន្តថាក្នុងពេលទៅជួបកូនម្តងៗឆ្លៀតទិញសាច់គោប្រឡាក់ អង្ករនិងរបស់ប្រើប្រាស់ខ្លះទុកឲ្យកូនប្រុស។
នាងថារឿងរ៉ាវជីវិតជូរចត់ ទុក្ខព្រួយក្នុងជីវិតអស់ជាច្រើនឆ្នាំនេះគឺជាបទពិសោធន៍មិនអាចបំភ្លេចបាននៅក្នុងជីវិត ហើយនាងសន្យានឹងបន្តការខំប្រឹងប្រែងថែមទៀតដើម្បីបានជួបមុខកូនប្រុសទៅថ្ងៃមុខ
គួរបញ្ជាក់ដែរថាកូនប្រុសនាយហុង ដា និងសង្សា ប្រឈមជាប់ពន្ធធគារអស់មួយជីវិតក្រោយពីពួកគេពាក់ព័ន្ធករណីឃាតកម្មសម្លាប់ម្តាយក្រោយ កាលពីអំឡុងពាក់កណ្តាលខែឧសភាកន្លងទៅ។ ឃាតកម្មនេះបានធ្វើឲ្យភ្ញាក់ផ្អើលពេញផ្ទៃប្រទេសរហូតនាងឃ្មឹបដែលបាត់មុខពីសិល្បៈជិត១០ឆ្នាំលេចមុខជាថ្មីផងដែរ។ ដោយក្តីអាណិតនាងទទួលបានជំនួយ និងការផ្តល់ឱកាសចូលរួមសម្តែងកំប្លែង និងភាពយន្តជាថ្មី៕ វឌ្ឍនា