ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនម្ចាស់ហាងរ៉ូសកាត់សក់បុរស ម៉ាស្សាប្រេងបង្កប់សេវាបម្រើផ្លូវភេទម្នាក់រំដោះក្មេងស្រីអរិតិជន៥នាក់

ចែករំលែក៖

ភ្នំពេញ: ស្ត្រីម្នាក់ជាម្ចាស់ទីតាំង និងនារីរងគ្រោះចំនួន៥នាក់ជាអនីតិជន នៅហាងរ៉ូសកាត់សក់បុរស ម៉ាស្សាប្រេងនិងម៉ាស្សាបាតជើង ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញចុះឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវដឹងថា ហាងម៉ាស្សាមួយកន្លែងនេះបង្កប់សេវាផ្លូវភេទ ផងដែរ ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីតាំងហាងរ៉ូសកាត់សក់បុរស ម៉ាស្សារប្រេងនិងម៉ាស្សាបាតជើង តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតនៅចំណុចទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញនិងដឹកនាំ ចុះធ្វើការបង្ក្រាប ដោយលោក វរសេនីយ៍ឯក ចាន់ កិតិខុម ស្នងការរងទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យជាម្ចាស់ទីតាំងដែលឃាត់ខ្លួន មានឈ្មោះ សុខា សុថារី ភេទស្រីអាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះទីតាំងហាង រ៉ូសកាត់សក់បុរស ម៉ាស្សាប្រេងនិងម៉ាស្សាបាតជើង នៅចំណុចខាងលើ ។

សមត្ថកិច្ចបាន ឲ្យដឹងទៀតថា មុននឹងឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ចំពោះទីតាំង ខាងលើនេះយូរមកហើយ ដោយដាក់យីហោ ហាងរ៉ូស កាត់សក់បុរស ម៉ាស្សាប្រេងនិងម៉ាស្សាបាតជើង តែការពិតមានបង្កប់បម្រើសេវាផ្លូវភេទ ដែលមានក្មេងស្រីជាអនិតិជនទៀតផង ។ ក្នុងការបង្រ្កាបនេះដែរ សមត្ថកិច្ចរឹបអូស បានស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាសមួយចំនួន ព្រមទាំងរំដោះក្មេងស្រី រងគ្រោះជាអនិតិជនបាន៥នាក់ ដែលម្ចាស់ទីតាំងបង្ខំឲ្យបម្រើផ្លូវភេទផងដែរ ។

បើតាមការឲ្យដឹងពីនារីម៉ាស្សាជាជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងនេះបានបើករកស៊ីចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹក ដោយពេលខ្លះមានភ្ញៀវចូលមកម៉ាស្សាតម្លៃ១ម៉ោង៤ដុល្លារ ហើយភ្ញៀវខ្លះក៏មករួមភេទ ដោយរួមភេទម្ដងតម្លៃ២០ដុល្លារទៅ៣០ ដុល្លារ ហើយពួកនាងត្រូវថៅកែបង្ខំឲ្យរួមភេទទៀតផង ។

បច្ចុប្បន្នស្ត្រីសង្ស័យជាម្ចាស់ទីតាំង ត្រូវបានកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានី ដើម្បីចាត់ការ តាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបាននគរបាលបញ្ជូនទៅមន្ទីសង្គមកិច្ចរាជធានី ដើម្បីធ្វើការអប់រំបន្ត៕ ប្រាថ្នា


ចែករំលែក៖