ស៊ីហ្គេម (SEA Game) គឺជាពីព្រឹត្តិការណ៍កីឡានៅអាស៊ីអាគ្នេយ៍បង្កើតឡើងតាំងពីឆ្នាំ១៩៥៩ មានប្រទេសចំនួន៩ហើយ ធ្លាប់ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ហើយទីក្រុង និងខេត្តចំនួន១៥នៃប្រទេសទាំងនោះត្រូវបានគេប្រើជាកន្លែងរៀបចំការប្រកួតកីឡាមួយនេះ។
ក្នុងចំណោមប្រទេសទាំង១១នៅអាស៊ីអាគ្នេយ៍មានតែកម្ពុជា និងទីម័រខាងកើតប៉ុណ្ណោះដែលមិនទាន់ធ្វើម្ចាស់ផ្ទះកីឡា SEA Game។ ដោយឡែកប្រទេសមួយចំនួនធ្លាប់ធ្វើម្ចាស់ផ្ទះរហូតលើសពី២ដង។
ខាងក្រោមគឺជាបញ្ជីឈ្មោះប្រទេសដែលធ្លាប់ធ្វើម្ចាស់ផ្ទះច្រើនជាងគេ៖
១- ថៃ (៦ដង)
ថៃធ្លាប់ធ្វើម្ចាស់ផ្ទះចំនួន៦ដង ហើយដំបូងគេគឺក្នុងឆ្នាំ ១៩៥៩ នៅរាជធានីបាងកក, ឆ្នាំ១៩៦៧ នៅរាជធានីបាងកក, ឆ្នាំ១៩៧៥នៅរាជធានីបាងកក, ឆ្នាំ១៩៨៥ នៅរាជធានីបាងកក, ឆ្នាំ១៩៩៥នៅខេត្តឈៀងម៉ៃ និងឆ្នាំ២០០៧ នៅខេត្តនគររាជសីមា។
២. ម៉ាឡេស៊ី (៥ដង)
ម៉ាឡេស៊ីធ្លាប់ធ្វើម្ចាស់ផ្ទះ៥ដង ហើយរាប់ទាំងឆ្នាំ២០១៧នេះទៀតគឺ លើកទី៦ហើយ។ លើកដំបូងគឺក្នុងឆ្នាំ១៩៦៥ នៅគូឡាឡាំពួរ, ឆ្នាំ១៩៧១ នៅគូឡាឡាំពួរ, ឆ្នាំ១៩៧៧នៅគូឡាឡាំពួរ, ឆ្នាំ១៩៨៩នៅគូឡាឡាំពួរ, ឆ្នាំ២០០១នៅគូឡាឡាំពួរ ហើយនៅឆ្នាំ២០១៧នេះ ក៏គ្រោងធ្វើនៅគូឡាឡាំពួរដូចគ្នា។
៣. ឥណ្ឌូណេស៊ី (៤ដង)
ប្រទេសប្រជុំកោះឥណ្ឌូណេស៊ីធ្លាប់ធ្វើម្ចាស់ផ្ទះចំនួន៤ដង ក្នុងនោះលើកដំបូង នៅឆ្នាំ១៩៧៩ ធ្វើនៅរដ្ឋធានី ហ្សាការតា, ឆ្នាំ១៩៨៧នៅ ហ្សាការតា, ឆ្នាំ១៩៩៧នៅ ហ្សាការតា និងឆ្នាំ២០១១ នៅហ្សាការតា និង ទីក្រុងPalembang។
៤. សិង្ហបុរី (៤ដង)
ប្រទេសតូចតែខ្លាំងសិង្ហបុរីធ្លាប់ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម៤ដង ដែលទាំង៤លើកគឺធ្វើនៅរដ្ឋធានីតែមួយគត់របស់ខ្លួននៅឆ្នាំ១៩៧៣, ១៩៨៣, ១៩៩៣ និង២០១៥។
៥. មីយ៉ាន់ម៉ា (៣ដង)
ប្រទេសមីយ៉ាន់ម៉ាធ្លាប់ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ៣ដងគឺក្នុងឆ្នាំ១៩៦២ នៅទីក្រុងរ៉ង់ហ្គូន, ឆ្នាំ១៩៦៩នៅទីក្រុងរ៉ង់ហ្គូន ដដែល និងឆ្នាំ២០១៣ នៅទីក្រុង Naypyidaw។
៦. ហ្វីុលីពីន (៣ដង)
ប្រទេសហ្វីុលីពីន ធ្លាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម៣ដង ដែលរាល់លើកសុទ្ធតែធ្វើនៅរដ្ឋធានី ម៉ានីល គឺក្នុងឆ្នាំ ១៩៨១, ១៩៩១, ២០០៥ ហើយនៅឆ្នាំ២០១៩ ប្រទេសកោះមួយនេះនឹងធ្វើម្ចាស់ផ្ទះម្ដងទៀត គម្រប់ទី៤។
៧. ប្រ៊ុយណេ, វៀតណាម និងឡាវ
ប្រទេសទាំង៣ សុទ្ធតែធ្លាប់ធ្វើម្ចាស់ផ្ទះម្ដងដូចគ្នាគឺ ប្រ៊ុយណេនៅឆ្នាំ១៩៩៩, វៀតណាមឆ្នាំ ២០០៣ និងឡាវឆ្នាំ២០០៩៕ ដេវីត