ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានកំណាត់យកផ្លូវធំៗ ចំនួន១១ ជាអាទិភាពមុនគេ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ខណៈ ផ្លូវជាច្រើន ត្រូវបានប្រជាពលរដ្ឋមួយចំនួន បាន រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនខ្វល់ខ្វាយ ពីការកកស្ទះចរាចរណ៍នោះ ។
មន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភ័ក្ដី បានឱ្យដឹងថា ៖ ចំពោះការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ នៃការពង្រឹកសន្តិសុខ សណ្តាប់ធ្នាប់រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកឧត្ដមសេនីយ៍ តំណាងស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌ ទាំង១២ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលារាជធានីភ្នំពេញ ។
ក្រោយចប់កិច្ចប្រជុំនោះលោក ម៉េត មាសភ័ក្តី បានឱ្យដឹងថា ៖ កិច្ចប្រជុំខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញ បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ ពោលគឺបន្ទាប់ពីស្តាប់របាយការណ៍ របស់លោកអភិបាលខណ្ឌទាំង១២ រួចហើយនោះ អង្គប្រជុំក៏បាន ពិភាក្សាពីភាពលំបាក បញ្ហាប្រឈមនានាផងដែរ ។ ប៉ុន្តែទោះបីជាមានបញ្ហាប្រឈម និងលំបាកយ៉ាងក្តីលោកឃួង ស្រេង នៅតែជំរុញឲ្យមានការរៀបចំសណ្តាប់ធ្នាប់ សាធរាណៈនេះឱ្យបាន ព្រោះវាជាកង្វល់របស់ប្រជាពលរដ្ឋ។
ដោយលោកអភិបាល បានសម្រេចយកផ្លូវធំៗចំនួន១១ ជាអទិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមាន មហាវិថីធំ មានមហាវិថីព្រះនរោត្តម ព្រះសីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ម៉ៅសេទុង កម្ពុជាក្រោម ព្រមទាំងវិថី មុនីរ៉េត ហ្សាដឺហ្គោល ផ្លូវ២៧១ និងផ្លូវលេខ៧០។ លោក ម៉េត មាសភ័ក្តី បានបញ្ជាក់ទៀតថា ៖ក្នុងកិច្ចប្រជុំនោះ លោកអភិបាលបានលើកឡើងថា មិនមែនធ្វើតែ១១ផ្លូវខាងលើ ហើយផ្លូវផ្សេងទៀត មិនយកចិត្តទុកដាក់ធ្វើនោះទេ ដោយយើងត្រូវធ្វើជាជំហានៗ ។
ដំបូងយើងត្រូវធ្វើការផ្សព្វផ្សាយ ណែនាំ មិនឱ្យពួកគាត់យកចំណីផ្លូវ នៅមុខផ្ទះ ធ្វើជាទីតាំងប្រកបអាជីវកម្ម ដោយមិនទុកឲ្យមានផ្លូវថ្មើរជើង ណែនាំម្ចាស់អាជីវកម្ម ដែលយកចំណីផ្លូវធ្វើជាចំណត រថយន្តនិងម៉ូតូ របស់ពួកគាត់ ដែលទង្វើទាំងនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសណ្តាប់ធ្នាប់សាធារណៈ ។ កិច្ចការងារនេះ យើងនឹងឈានទៅឲ្យម្ចាស់អាជីវកម្មធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរ ដើម្បីឱ្យពួកគាត់បានយល់ដឹងជាមុន មុននិងយើងអនុវត្តវិធានការណ៍រដ្ឋបាល។
លោកឃួង ស្រេង បានអះអាងថា៖ទន្ទឹមនឹងការមានវិធានការណ៍បែបនេះ របស់រដ្ឋបាលរាជធានី គឺមិនមែនមានន័យថា ជាការបន្ទុចបង្អាក់ចរន្ត នៃការធ្វើអាជីវកម្ម សេដ្ឋកិច្ចនោះទេ គឺសេដ្ឋកិច្ច នៅតែមានសកម្មភាព ហើយបញ្ហាសណ្ដាប់ ក៏ត្រូវតែល្អផងដែរ។ ប៉ុន្តែយើងក៏មិនអាចឱ្យការ ធ្វើអាជីវកម្មរបស់បុគ្គលមួយចំនួននោះ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញដែរ។ លោកអ្នកនាំពាក្យបញ្ជាក់ទៀតថា ជុំវិញកិច្ចការនេះ លោក ឃួង ស្រេង ក៏បានស្នើឱ្យមានការចូលរួម សហការពីអាជ្ញាធរដែនដី សង្កាត់ ខណ្ឌ ក៏ដូចជាកម្លាំងនគរបាល មាន សមត្ថកិច្ចពិសេស នគរបាលសណ្តាប់ធ្នាប់ ត្រូវសហការជួយជំរុញកិច្ចការងារនេះ ឲ្យបានជោគជ័យជៀសវាងការមើលបំណាំគ្នា ។ គ្រប់គោលដៅដែលបង្ក ឱ្យមានការបាត់បង់សណ្តាប់ធ្នាប់ ដាច់ខាតត្រូវតែមានវិធានការណ៍។
ពាក់ព័ន្ធនិងបញ្ហាសណ្តាប់ធ្នាប់នេះ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើសេចក្តីជូនដំណឹងមួយ ដើម្បីពន្យល់ណែនាំ ដល់ម្ចាស់ផ្ទះក៏ដូចជាម្ចាស់ទីតាំងឲ្យបញ្ឈប់ ឬធ្វើការកែសម្រួល ការចត ការលក់ដូរ ដោយគ្មានសណ្តាប់ធ្នាប់នេះឡើងវិញ ហើយសេចក្តីជូនដំណឹងនេះ និងប្រកាសជាសាធារណៈផងដែរ។
លោក ម៉េត មាសភ័ក្ដី បានបន្តថា៖ បន្ថែមពីលើការងារ សណ្តាប់ធ្នាប់នេះដែរ លោកអភិបាលរាជធានី ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់បន្ថែម ទៅលើ ទីតាំង ដែលមានការកកស្ទះខ្លាំង ដើម្បីកាត់បន្ថយការកកស្ទះ ឱ្យបានជាអតិបរមាតាមដែលអាចធ្វើទៅបាន។
ក្រៅពីនេះក៏បានលើកឡើង ពីវិធានការណ៍ចំពោះរថយន្តដឹកអ្នក ដំណើរ រថយន្តផ្ទេរទំនិញ រថយន្តក្រឡុកបេតុង ដែលយក ទ្រូងផ្លូវធ្វើសកម្មភាព ដាក់អ្នកដំណើរឬផ្ទេរទំនិញ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់នោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏និងមានវិធានការណ៍រដ្ឋបាលផងដែរ មិនអាចទុកឱ្យមានការថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋនោះទេ៕ សំរិត