ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត VIGO បែកកង់មុខហោះឡើងសួនច្បារពុះចែកទ្រូងផ្លូវបុកម៉ូតូរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាក TOYOTA VIGO បើកបរដោយបុរសម្នាក់ ក្នុងលឿនគួរសមបានបែកកង់មុខផ្នែកខាងឆ្វេងរេពេញផ្លូវហោះឡើងសួនច្បារពុះចែកទ្រូងផ្លូវឆ្លងទៅម្ខាងទៀតជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរ។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តយផ្លូវជាតិលេខ៦ ចំណុចមុខហាងនំបុ័ងផ្កាយមាស ក្រុមទី៦ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។​

រថយន្តបង្កម៉ាក TOYOTA VIGO ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2I-0199 ចំណែកអ្នកបើមិនត្រូវបានគេស្គាល់ឈ្មោះ។​រីឯម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FH-5971 អ្នកបើកបរមិនត្រូវបានគេស្គាល់នោះទេ រងរបួសធ្ងន់ធ្ងរកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរតាមផ្លូវជាតិ៦ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុរថយន្តបានបែកកង់មុខផ្នែកខាងឆ្វេងចង្កូតហោះឡើងសួនច្បារបុកដើមជ្រៃក្រឹមនៅលើសួនច្បារបណ្តាលឱ្យដួលទ្រេតមួយដើម ហើយជ្រុលចង្កូតទៅមុខចូលទៅចំណែកផ្លូវម្ខាងទៀតបុកម៉ូតូមួយគ្រឿង ដែលកំពុងបើកដោយស្រ្តីម្នាក់យ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ចំណែកឯម៉ូតូរងខូចខាតស្ទើរទាំស្រុង ៕ ជ្រោយពេជ្រ


ចែករំលែក៖