ប៉ោយប៉ែតៈ មនុស្ស ប្រុស ស្រី២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ស្រាលដោយសារផ្ទុះកំប៉ុងហ្គាស កាលពីវេលាម៉ោង១និង៣៥រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្សារត្រី ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថាៈ ជនរងគ្រោះដោយផ្ទុះកំប៉ុងហ្គាសនោះ មានឈ្មោះស្រី ដា ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់លើផ្ទៃមុខដៃ ជើង ប្ដីមានឈ្មោះស៊ឹម ប៊ុនរ៉ា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ រងរបួសស្រាល ។
លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានប្រាប់តាមទូរសព្ទ័ថាៈ ជុំវិញករណីផ្ទុះកំប៉ុងហ្គាសខាងលើនេះ បណ្ដាលមកពីស្រ្តីរងគ្រោះបានផ្ទេរហ្គាសពីធុងធំមកកំប៉ុងតូចៗ តាមឧបករណ៍កែច្នៃ មានកាធ្វេសប្រហែស ចៃដន្យកំប៉ុងហ្គាសបានធ្លាយ ក៏ផ្ទុះបណ្ដាលឲ្យគ្រួសារប្ដីប្រពន្ធខាងរងរបួសធ្ងន់ ស្រាលតែម្ដង។
លោកបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះមិនបណ្ដាលឲ្យមានឆាបឆេះរាល់ដាលឆ្លងដល់ផ្ទះ ឬតួបអ្នកលក់ដូរក្បែរនោះទេ ព្រោះ ក្រុមអាជីវករ ក៏ដូចបងប្អូនជិតខាងមានការសហការគ្នាល្អ បានយកបំពង់ពន្លត់អគ្គីភ័យជួយទាន់ពេលវេលា ហើយទីតាំងខាងលើនេះដែរ លោកបានចុះអប់រំច្រើនដងហើយ ពុំមានការយកចិត្តទុកដាក់ទៅនឹងការណែនាំរបស់សមត្ថកិច្ចនោះទេ ទើបឈានដល់ថ្ងៃផ្ទុះតែម្ដង។
លោកបន្ថែមថា សួមឲ្យបងប្អូនដែលជាអាជីវកររកស៊ីលក់ដូរនៅតាមទីផ្សារ ក៏ដូចជានៅតាមគេហដ្ឋានរបស់ខ្លួន សូមមេត្តាបង្កើនការប្រុងប្រយ័តខ្ពស់ ធ្វើយ៉ាងណាកុំឲ្យមានអគ្គីភ័យកើតឡើង ដោយប្រកាណាមួយ ព្រោះវាជាគ្រោះថ្នាក់បំផុតដែលធ្វើឲ្យខាតបង់ទ្រព្យសម្បតិ្ត និងឈានដល់បាត់បង់ជីវិត។
ចំពោះអ្នករងរបួសត្រូវបានបងប្អូនសាច់ញាតិដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ដីថ្មីក្រុងប៉ោយប៉ែត៕ វណ្ណា