ភ្នំពេញ៖ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១០ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកត្រី នៅខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងជាប្រធានក្រុមប្រតិបត្តិការពិសេសក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកស្តង់ដារ និងកាំកុងត្រូលបានចុះទៅត្រួតពិនិត្យសិប្បកម្មផលិតទឹកត្រីមួយកន្លែង នៅផ្លូវលេខ៩៩ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីស្រាវជ្រាវដឹងថា សិប្បកម្មផលិតទឹកត្រីមួយកន្លែងនេះ ផលិតទឹកត្រីគ្មានគុណភាព និងគ្មានស្តង់ដារ។
មកដល់ពេលនេះ សមត្ថកិច្ចចម្រុះកំពុងត្រួតពិនិត្យមើលការផលិត និងគុណភាពរបស់ទឹកត្រី ដែលផលិតមានគុណភាព ឬមានស្តង់ដារដែរឬអត់ ។
មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា សមត្ថកិច្ចនឹងប្រមូលទឹកត្រីទាំងអស់ដើម្បីមើលគុណភាព និងពិនិត្យវត្ថុធាតុដើមផលិតត្រូវតាមស្តង់ដារដែរឬទេ ប្រសិនបើពិនិត្យទៅឃើញថា គ្មានគុណភាព ផលិតឡើងដោយជាតិគីមី ម្ចាស់សិប្បកម្មមួយកន្លែងនេះ នឹងត្រូវឃាត់ខ្លួនដើម្បីយកទៅសាកសួរ និងអនុវត្តតាមច្បាប់ ៕ ស តារ៉ា