ខេត្តស្វាយរៀងៈ ជនសង្ស័យម្នាក់ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួននៅផ្ទះជួលមួយកន្លែង ក្នុងករណីរក្សាទុក ឬជួញដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ចេស ក្រុងបាវិត។
បើតាមកងរាអាវុធហត្ថខេត្ត ស្វាយរៀងបានឲ្យដឹងថា ដោយមានបទបញ្ជារពីឧត្តមសេនីយ៏ត្រីសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានចាត់ឲ្យ លោកវរសេនីយ៏ឯកស្រី វុត្ថា មេបញ្ជាការ រងកងរាអាវុធហត្ថខេត្ត ដឹកនាំកំលាំង និងមានការសម្របសម្រួលដោយលោកគង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានប្រតិបត្តិការបង្ក្រាបបទល្មើស ករណីរក្សាទុកឬជួញដោយខុសច្បាប់នូវសារធាតុញៀន នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ចេស ក្រុងបាវិត។
ប្រភពបន្តថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះហាយ ភារិន ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលខាងលើហើយសមត្ថកិច្ចបានរិបអូសវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន ០៤ កញ្ចប់ទូរស័ព្ទដៃ ០១ គ្រឿង ប្រាក់ខ្មែរ ចំនួន ៧៥,០០០ រៀល។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ យឹម សុថាន