ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូបោះពួយបុកសត្វគោដើរឆ្លងផ្លូវ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅ កន្លែងកើតហេតុ បន្ទាប់ពីបុរសរូបនេះបើកម៉ូតូបោះពួយបុក សត្វគោដើរឆ្លងផ្លូវ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូត្រលេខ៣០-៣១ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតនោះឈ្មោះ ហ៊ាន សត់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរវាង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1W-1269 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សី បានឃើញជនរងគ្រោះរូបនេះជិះម៉ូតូតាមបណ្តោយផ្លូវជាតិ លេខ៣ក្នុងទិសដៅពីខេត្តតាកែវឆ្ពោះទៅរាជធានីភ្នំពេញ ដោយល្បឿនលឿន ។ លុះបើកដល់ចំណុចកើតហេតុក៏បានបើកទៅបុកសត្វគោញីមួយក្បាលដែលកំពុងរត់ឆ្លងផ្លូវ បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវធ្វើឲ្យជនរងគ្រោះរូប នេះស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ ។ ក្រោយពីមានហេតុការណ៍កើតឡើងសត្វគោញីមួយក្បាលដែលនៅរស់ ព្រមទាំងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹង ធ្វើការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ


ចែករំលែក៖