ភ្នំពេញ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ០២និង៤៥នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនការ ជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក ង្វៀន ភូត្រុង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើម សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកអគ្គលេខាមជ្ឈឹមបក្ស ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់របស់បក្សកុម្មុយនីស្តនាពេលនេះ គឺស្របពេលដែលប្រជាជន នៃប្រទេសយើងទាំងពីរ បាននឹងកំពុងអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុវស្សាវរីយ៍ទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ដែលបានបង្កើតឡើងដោយស្នាព្រះហស្ថអតីតព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ ជាមួយនឹងថ្នាក់ដឹកនាំវៀតណាមជំនាន់មុន…។
លោកអគ្គលេខាមជ្ឈឹមបក្សវៀតណាម បានថ្លែងអំណរគុណចំពោះ សម្តេច ប្រធានព្រឹទ្ធសភា ដែលបានទទួលគណៈប្រតិភូអោយចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ លោក បានមានប្រសាសន៍បន្តទៀតថា ទំនាក់ទំនង នៃប្រទេសយើងទាំង២ បានដំណើរការអស់រយៈពេល៥០ឆ្នាំមកហើយ រដ្ឋាភិបាល និង ប្រជាជនយើងទាំង២ បានសហការ និងរួមសុខ រួមទុក្ខ ជាមួយគ្នា ជួយគ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងយ៉ាងក្លៀវក្លា រក្សាសាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍ ។
លោកអគ្គលេខា បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានឃើញព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ នឹងសូមចូលរួមអបអរសាទរ ចំពោះរាល់សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ…។ ភាគីយើងទាំង២ នឹងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍអោយកាន់តែប្រសើរឡើងថែមទៀត…។
លោកអគ្គលេខាបក្ស បានថ្លែងអំណរគុណ ចំពោះរាជារដ្ឋាភិបាលកម្ពុជា ដែលកន្លងមកតែងបានជួយសម្រួល និងអនុគ្រោះចំពោះប្រជាជនវៀតណាម ដែលកំពុងរស់នៅប្រកបរបររកស៊ីនៅកម្ពុជា។ លោក ក៏បានអបអរសាទរ យ៉ាងក្លៀវក្លាចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណតិ្តទី៤ ទទួលបានជោគជ័យ។ ព្រមជាមួយនេះ លោកក៏បង្ហាញនូវជំនឿជឿជាក់ថា ព្រះរាជាណាចក្រកម្ពុជាប្រាដកជានឹងទទួលជោគជ័យបន្ថែមទៀតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ នាពេលខាងមុខនេះ ។
ក្នុងប្រសាសន៍ឆ្លើយតបវិញ សម្តេចភក្តី សាយ ឈុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអគ្គលេខា ដែលបានថ្លែងសរសើរអំពីការរីកចម្រើននៃចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសយើងទាំងពីរ និងថ្លែងសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន…។
សម្តេច មានប្រសាសន៍បន្តទៀតថា ចំណងយុទ្ធសាមគ្គីភាពរវាងប្រជាជននៃប្រទេសយើងទាំងពីរគឺជា មហាពលិកម្មដែលចារដោយសាច់ស្រស់ ឈាមស្រស់របស់កម្មាភិបាលយុទ្ធជន និងប្រជាជនយើងយ៉ាងច្រើនមិនអាចកាត់ថ្លៃបាន…។
បច្ចុប្បន្នប្រទេសយើងទាំងពីរ បាននឹងកំពុងទទួលនូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈពីទំនាក់ទំនងទ្វេរភាគី ក្រោមពាក្យស្លោក “អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយូរអង្វែង”…។
ព្រឹទ្ធសភា និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ បក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេង និងយ៉ាងមានប្រសិទ្ធភាពចំពោះបុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា នៅគ្រប់តំណាក់កាល។
ព្រឹទ្ធសភា កម្ពុជា សូមគាំទ្រទាំងស្រុង នូវរាល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ ដោយចាត់ទុកថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការនោះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ នៅកម្ពុជា ក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់…។
សម្តេច សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយ ជាបន្តបន្ទាប់ឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ព្រឹទ្ធសភាកម្ពុជា។ ជំនួយឧបត្ថម្ភទាំងនេះ បានរួមចំណែកដល់ការលើកកម្ពស់ ប្រសិទ្ធភាពការងាររបស់ស្ថាប័នព្រឹទ្ធសភា ហើយយើងខ្ញុំបាននឹងកំពុងប្រើប្រាស់ជំនួយទាំងអស់នេះ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
ក្នុងឱកាសខួបអនុស្សាវរីយ៍ទី៥០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម សម្រេចបានក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាម និងសួមប្រសិទ្ធពរ ជូនលោកអគ្គលេខា និងគណៈប្រតិភូ ស្នាក់នៅនិងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ ៕ ហេង សូរិយា