ព័ត៌មានទាន់ហេតុការណ៍៖

ប្តីមុនហៅប្តីក្រោយមកផ្តាំផ្ញើឲ្យជួយមើលថែកូនផង បែរជាព្រួតគ្នាវាយខៀវភ្នែក បែកក្បាល

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសជាប្តីដើមម្នាក់បានរងរបួសធ្ងន់ ឈាមហូរស្រោចខ្លួន បន្ទាប់ពីផ្ទុះហិង្សាដាក់គ្នា ក្នុងរឿងជជែកគ្នាជាមួយប្តីក្រោយរបស់ប្រពន្ធ ដើម្បីផ្តាំផ្ញើជួយមើលថែកូនផង ក៏កើតហិង្សាតែម្តង ។

អំពើហិង្សានេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង១០នាទី ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ហុំ តូនី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។

រីឯជនសង្ស័យបង្កហិង្សាមានគ្នា២នាក់ ឈ្មោះ រី គង់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករត្រូវឃាត់ខ្លួន និងឈ្មោះ តុង លិន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិកើតហេតុ មុខរបរ កសិករ រត់គេចខ្លួន។

សមត្ថកិច្ចបន្តថា ដំណើរដើមទងក្នុងរឿងនេះ គឺជនរងគ្រោះបានចុះចេញពីផ្ទះចោលប្រពន្ធកូនជាយូរឆ្នាំមកហើយ ដោយទៅរស់នៅក្នុងភូមិព្រែកឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ជាស្រុកកំណើតរបស់ខ្លួន ។ ក៏ប៉ុន្តែជនរងគ្រោះ តែងតែមកលេងប្រពន្ធកូនជារឿយៗ ។

លុះនៅពេលកើតហេតុខាងលើ ជនរងគ្រោះបានមកលេងកូននៅឯផ្ទះ ក្នុងភូមិកំពង់ថ្កុល ឃំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ពេលមកដល់ផ្ទះឃើញ បុរសម្នាក់(ជនសង្ស័យ រី គង់) នៅជាមួយប្រពន្ធរបស់ខ្លួន ក៏បានសួរប្រពន្ធថា គេជានរណា? នៅពេលនោះ ប្រពន្ធបានឆ្លើយថា គឺជាប្ដីរបស់នាងឈ្មោះ រី គង់(ដែលទើបរៀបសែនព្រេន)។

ប្រភពបន្តថា ខណៈនោះជនរងគ្រោះ បានហៅជនសង្ស័យឈ្មោះ រី គង់ មកនិយាយគ្នា ស្រាប់តែពេលនោះឈ្មោះ តុង លិន បានស្ទុះមកវាយជនរងគ្រោះ រួមនឹងឈ្មោះ រី គង់ ក៏បានចេញពីក្នុងផ្ទះមកព្រួតគ្នាវាយជនរងគ្រោះបណ្ដាលឲ្យបែកក្បាល និងហើមមុខ ដោយជនរងគ្រោះពុំអាចតបតបាន ទើបជនរងគ្រោះរត់គេចចេញតែម្ដង ។

ក្រោយមក សមត្ថកិច្ចនគរបាលប៉ុស្ដិ៍សំពៅពូន បានចាប់ឃាត់ខ្លួនជនសង្ស័យ រី គង់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកឈ្មោះ តុង លិន បានរត់គេចខ្លួនបាត់ ៕


ចែករំលែក៖