កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ គេហទំព័រ Amaq បានផ្សព្វផ្សាយវីដេអូលើក ទី៤ស្តីពីសង្គ្រាមវាយប្រហាររបស់ក្រុម IS នៅទីក្រុងម៉ារ៉ាវី ក្រោយរយៈពេល២ខែ ដែលបានគ្រប់គ្រងទីក្រុងនេះ។
ការវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុងនៅប្រទេសហ្វុីលីពីន គឺជាការសាកល្បង លើកដំបូងរបស់ក្រុម IS នៅតំបន់អាស៊ី ភាគអាគ្នេយ៍បង្ខំឲ្យទាហានហ្វុីលីពីនត្រូវតែបង្កើនការវាយប្រហារដោយមានការ ចូលរួមអន្តរាគមន៍ពីអាមេរិក និងចិន ព្រម ទាំងរុស្ស៊ីផងដែរ។ ប៉ុន្តែមកទល់ពេលនេះនៅតែមិនទាន់អាចយកឈ្នះលើក្រុមភេរវ កម្មបាននៅឡើយ។
នៅក្នុងវីដេអូដែលក្រុម IS ធ្វើការផ្សព្វផ្សាយក្នុងនោះបានបង្ហាញពីកម្លាំងទាហាន របស់ខ្លួនមកពីប្រទេសជិតខាង បើកការ វាយប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាល ហ្វុីលីពីនដែលបានចូលមកកៀកទីក្រុង ម៉ារ៉ាវី។
ចំណែកភាគីហ្វុីលីពីនវិញ អ្នកនាំពាក្យកម្លាំងទាហានប្រឆាំងភេរវកម្មលោក Jo Ar Herrera បានបញ្ជាក់ថា បច្ចុប្បន្នក្រុមភេរវកម្មមានគ្នាប្រមាណ៨០នាក់ប៉ុណ្ណោះ ដែលជាក្រុមវាយឆ្មក់ និងជាខ្មាន់កាំភ្លើង ចុងក្រោយនៅទីនេះ។ ក្រុមភេរវកម្មត្រូវ បានឡោមព័ទ្ធនៅក្នុងតំបន់ដែលមានផ្ទះ អគារប្រមាណ៥០០ខ្នងនៅទីក្រុងម៉ារ៉ាវី។
ខ្មាន់កាំភ្លើងប្រមាណ៤២០នាក់ត្រូវ បានសម្លាប់ ឬចាប់ខ្លួនក្នុងរយៈពេល៦០ថ្ងៃនៃធ្វើសង្គ្រាម ក្នុងនោះមានខ្មាន់កាំភ្លើងដែលមានមុខមាត់នៅក្នុងក្រុមឧទ្ទាមមៅតេ។ ប្រសិនបើការប្រកាសខាងលើជាការពិតនោះ ទាហានហ្វុីលីពីនមានប្រៀបនៅក្នុងការវាយប្រហារទៅលើកម្លាំងក្រុមភេរវកម្ម ដោយ៥០នាក់វាយទៅលើម្នាក់។
ចាប់តាំងពីសង្គ្រាមវាយប្រហារទៅលើក្រុមភេរវកម្មមកទល់ពេលនេះអាចថាមានសង្ឃឹមយកឈ្នះ ហើយមន្ត្រីក្នុងតំបន់បានទម្លាក់ការប្រកាសអាសន្នមកត្រឹមតែអំពើហិង្សានៅក្នុងតំបន់។
ប៉ុន្តែក្រុមអ្នកឯកទេសបានបញ្ជាក់ថា កន្លងមកក្រុមភេរវកម្មមានគ្នាតិច ប៉ុន្តែអាចតស៊ូវាយប្រហារគ្រប់គ្រងទីក្រុងម៉ារ៉ាវីបានយ៉ាងងាយស្រួល ទោះបីទាហានហ្វុីលីពីនមានច្រើនក៏មិនអាចយកឈ្នះបានដែរ។ ពេលដំបូង ក្រុមភេរវកម្មមានគ្នាតែប្រមាណ ៨០នាក់ប៉ុណ្ណោះ ហើយពេលនេះក៏មាន ប្រហែលគ្នានេះដែរ តែមិនអាចយកឈ្នះ ដណ្តើមទីក្រុងនោះមកវិញបានឡើយ។
ពាក់ព័ន្ធនឹងករណីនោះដែរ លោក ឌុយ ទែរតេ ប្រធានាធិបតីនៃប្រទេសហ្វុីលីពីន កាលពីថ្ងៃទី២០ ខែកក្កដា បានអញ្ជើញ បំពេញទស្សនកិច្ចនៅតំបន់សង្គ្រាមកើតឡើងក្តៅគគុក នៅក្រុងម៉ារ៉ាវីដើម្បីត្រួត ពិនិត្យមើលអំពីសកម្មភាពទ័ពដែលឈរជើងត្រៀមប្រយុទ្ធ ដើម្បីបញ្ចប់សកម្មភាព របស់ក្រុមសម្ព័ន្ធសកម្មប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ិស្លាម (IS)។
លោកវរសេនីយ៍ឯក Jo-Ar Herrera បាននិយាយថា លោក ឌុយទែរតេ បានបោះជំរំនៅក្នុងបន្ទាយយោធានៅក្នុងក្រុងនោះ ដើម្បីបង្ហាញអំពីភាពខ្លាំងរបស់គាត់គាំទ្រដល់ក្រុមយោធាទាំងឡាយ។
លោក Herrera បានបញ្ជាក់ថា “ការ បំពេញទស្សនកិច្ចបង្ហាញថា ប្រធានាធិបតីចង់បង្ហាញអំពីភាពខ្លាំងក្លារបស់គាត់ដើម្បីគ្រាំទ្រដល់យោធាដែលកំពុងបន្តប្រតិបត្តិការនៅក្នុងទីក្រុងនោះ” ។ ការប្រយុទ្ធគ្នាបានបន្តធ្វើឡើងក្នុងក្រុងនេះ ចាប់តាំងពី ថ្ងៃទី២៣ ខែឧសភា ហើយបានសម្លាប់ មនុស្សអស់៥៦៥នាក់៕ ម៉ែវ សាធី