ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមរៀបចំសណ្តាប់ធ្នាប់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ ផ្លូវធំៗចំនួន១១ខ្សែ ត្រូវបានរដ្ឋបាលសាលារាជធានីភ្នំពេញប្រកាស ចាត់វិធានការមុនគេរៀបចំសណ្ដាប់ធ្នាប់ បញ្ចៀសការកកស្ទះចរាចរណ៍ ដោយសារ ពលរដ្ឋមួយចំនួនបានយកចំណីផ្លូវចិញ្ចើមផ្លូវ និងផ្លូវប្រកបរបរអាជីវកម្ម ។ ផ្លូវធំៗ ចំនួន ១១ខ្សែដែលសាលារាជធានីភ្នំពេញសម្រេចក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០១៧នោះរួមមាន៖ ផ្លូវនរោត្តមព្រះសីហនុ មុនីវង្ស ម៉ៅ សេទុង សហព័ន្ធរុស្ស៊ី មុនីរ៉េត ហ្សាលដឺហ្គោល ផ្លូវ លេខ២៧១ ផ្លូវលេខ៧០ កម្ពុជាក្រោមនិងផ្លូវស៊ីសុវត្ថិជាដើម ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានស្រង់សម្តីលោកអភិបាលរាជធានីភ្នំពេញឲ្យដឹងទៀតថា មិនមែនមានតែផ្លូវ១១ខ្សែខាងលើនេះទេដែលត្រូវរៀបចំសណ្ដាប់ធ្នាប់ គឺផ្លូវជាច្រើនទៀតក៏នឹងធ្វើដូចគ្នា គ្រាន់តែជំហានដំបូងរដ្ឋបាលសាលារាជធានីភ្នំពេញចាប់អនុវត្តមុនគេ ប៉ុណ្ណោះ ។

លោកបន្តថា ដំបូងអាជ្ញាធរនឹងធ្វើការ ផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋកុំឲ្យយកចំណីផ្លូវមុខផ្ទះធ្វើអាជីវកម្ម ដោយមិន ទុកឲ្យមានផ្លូវថ្មើរជើង និងណែនាំពន្យល់ម្ចាស់អាជីវកម្មដែលយកចំណីផ្លូវធ្វើចំណតម៉ូតូនិងរថយន្តឲ្យយល់ពីផលប៉ះពាល់ សណ្តាប់ធ្នាប់សាធារណៈ ។

អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា បន្ទាប់ពីផ្សព្វផ្សាយណែនាំរួចហើយ ជំហានបន្តគឺឲ្យម្ចាស់អាជីវកម្មចុះកិច្ចសន្យាបញ្ឈប់ការយកចំណីផ្លូវបើកមុខរបរ មុនពេលចាត់វិធានការអនុវត្តរដ្ឋបាល ។

ក្រុមអ្នកតាមដានសង្គមនិងពលរដ្ឋជាច្រើនសប្បាយចិត្តប្រសិនបើរដ្ឋបាលសាលារាជធានីភ្នំពេញចាត់វិធានការខាងលើប្រកបដោយឆន្ទៈមនសិការការងារពិតប្រាកដមែន ព្រោះករណីយកចំណីផ្លូវ ចិញ្ចើមផ្លូវនិងផ្លូវប្រកបរបរអាជីវកម្មនេះ ត្រូវបានគេធ្លាប់អះអាងថាជាបញ្ហាលំបាកដោយសារតែការធ្វើអាជីវកម្មរំលោភបំពានផ្លូវសាធារណៈនេះ កន្លងមកបើអាជ្ញាធរដែនដីមិនឃុបឃិតជាថ្នូរនឹងការយកលុយប្រចាំថ្ងៃ ខែ ឬ ឆ្នាំទេនោះ ពួកគេ(ម្ចាស់អាជីវកម្ម) ក៏មិន សូវជាហ៊ានដែរ ។

ដូច្នេះបើចង់រំដោះចំណីផ្លូវ(ពាក្យដែល គេធ្លាប់ប្រើនៅក្នុងការគ្រប់គ្រងរបស់អតីតអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិ វង្ស) ត្រូវចាប់ផ្តើមពង្រឹងមន្ត្រីថ្នាក់មូលដ្ឋានជាមុនសិន ព្រោះពួកគេមួយចំនួនជាអ្នកបើកដៃអនុញ្ញាតឲ្យពលរដ្ឋយកចំណីផ្លូវនិងចិញ្ចើមផ្លូវបើកមុខរបរ ធ្វើឲ្យពលរដ្ឋម្នាក់ឃើញពលរដ្ឋម្នាក់ទៀតយកចំណីផ្លូវធ្វើ អាជីវកម្មបាន ក៏ចាប់ផ្តើមធ្វើតាមគ្នាបន្ត បន្ទាប់រហូតក្លាយជាជំងឺមហារីកមកទល់ នឹងសព្វថ្ងៃ ៕ សហការី


ចែករំលែក៖