ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោ ចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលនៅតាមខេត្តមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផល នៅតាមបណ្តាខេត្ត មួយចំនួន។ ឆ្លៀតក្នុងឱកាសនេះផងដែរលោករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រតាំង ក្រសាំង ស្ថិតក្នុងឃុំតាំងក្រសាំង ឃុំកកោះ ឃុំជ្រាប់ និងឃុំទីប៉ូ ស្រុកសន្ទុក ខេត្ត កំពង់ធំ។

លោក ចាន់ យុត្ថាន អ្នកនាំពាក្យក្រសួង ធនធានទឹកបានថ្លែងថា ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ជាប្រព័ន្ធធារាសាស្ត្រខ្នាតធំ ដែលក្រោយពេលសាងសង់រួច ប្រព័ន្ធធារាសាស្ត្រនេះអាចផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីជាង១៥.០០០ហិកតា។ ក្រសួងធនធានទឹក និងឧតុនិយមបាន ចាប់ផ្តើមសាងសង់គម្រោងនេះ កាលពី ខែមីនា ឆ្នាំ២០១៦កន្លងទៅ ហើយមក ដល់ពេលនេះសម្រេចការងារបាន ប្រមាណជិត៩០ភាគរយហើយ ។

បើតាមលោក ចាន់ យុត្ថា ការងារ សំខាន់ៗ ដែលក្រសួងបាន និងកំពុងអនុវត្ត រួមមាន៖

សាងសង់ប្រឡាយមេ១ ខ្សែ ប្រវែង ១៨.៥៤២ម៉ែត្រ (ក្នុងនោះ ផ្នែកក្បាល ប្រឡាយមេប្រវែង២.៥០០ម៉ែត្រ ជា ប្រឡាយបេតុង ) , ប្រឡាយរង៣ខ្សែ ប្រវែង៨.២២៤មែត្រ (ក្នុងនោះ ផ្នែក ក្បាលប្រឡាយរងប្រវែង១.៣៥០ម៉ែត្រ ជាប្រឡាយបេតុង , ប្រឡាយជើងក្អែប (ជាប្រឡាយបេតុងទាំងអស់) ចំនួន២១ ខ្សែ មានប្រវែងសរុប១០.៨០០ម៉ែត្រ , ប្រឡាយរំដោះទឹក១ខ្សែប្រវែង២.៩០៩ម៉ែត្រ, សាងសង់សំណង់សិល្បការតូចធំ សរុប ចំនួន៤៤៧ កន្លែង , ផ្លូវចូលក្រាលក្រួួស ក្រហម២ខ្សែ ប្រវែងសរុប១.០៧៨ម៉ែត្រ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យលទ្ធផលការងារនៅការដ្ឋាន លោករដ្ឋមន្ត្រីបាន បញ្ជាក់​ថា តំបន់នេះជាតំបន់ដីខ្សាច់ ដូចនេះហើយទើបក្រសួងសម្រេចយក ការសាងសង់ប្រឡាយជាបេតុង ។ ផ្ទុយ ទៅវិញ ប្រសិនបើយើងធ្វើប្រឡាយដី វា ងាយនឹងហូរច្រោះ ហើយគោករាក់ទៅវិញ ណាស់ ។ ការសាងសង់របៀបនេះ យើង ត្រូវចំណាយខ្ពស់បន្តិចមែន ប៉ុន្តែវាក៏ធានាបាននូវការប្រើប្រាស់យូរអង្វែងដែរ ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បាន ណែនាំដល់ក្រុមហ៊ុនសាងសង់ឲ្យយកចិត្តទុកដាក់ខ្ពស់បំផុតលើបទដ្ឋានបច្ចេកទេស ដើម្បីឲ្យគម្រោងដ៏ធំមួយនេះក្លាយជា សមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាពប្រសិទ្ធភាព ជា ប្រយោជន៍យូរអង្វែងរបស់បងប្អូនប្រជា កសិករនៅតំបន់នេះ។

ឆ្លើយតបទៅនឹងសំណូមពររបស់លោកមេឃុំជ្រាប់ និងមេឃុំកកោះលោក លឹម គានហោ បានបញ្ជាឲ្យអ្នកបច្ចេកទេសរៀបចំកែសម្រួលស្ពានឆ្លងកាត់ប្រឡាយមេ ១កន្លែង និងសាងសង់រង្វង់មូល១កន្លែង ត្រង់ចំណុចប្រសព្វគ្នានៃភ្លឺប្រឡាយមេ ៕ សហការី


ចែករំលែក៖