សវនាការចុងក្រោយនៅក្នុងរឿងក្តី អូសបន្លាយជាច្រើនឆ្នាំកន្លងមកពាក់ព័ន្ធ នឹងជំនួញតម្លៃស្រូវអង្កររបស់លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានកាត់ក្តីជាលើកចុងក្រោយនៅទីក្រុងបាង កកកាលពីថ្ងៃទី២១ ខែកក្កដា។
សវនាការចុងក្រោយនៅក្នុងរឿងក្តី ខាងលើរបស់លោកស្រី យីងឡាក់ ត្រូវ កាត់ក្តីជាលើកចុងក្រោយកាលពីថ្ងៃទី២១ ខែកក្កដា ហើយការសម្រេចនឹងត្រូវប្រកាស នៅប៉ុន្មានថ្ងៃខាងមុខ។
បើទោះបីត្រូវបានហាមប្រាមធ្វើសកម្មភាពលោកស្រី យីងឡាក់ នៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងគណបក្ស ភឿថៃ។ កាលពីឆ្នាំ២០១៥ មានសកម្មភាព ទៅសួរសុខទុក្ខអ្នកគាំទ្រជាច្រើននៅតំបន់ជនបទ។ លោកស្រី យីងឡាក់ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ពិសេស គឺកសិករ។
នៅក្នុងសវនាការនេះ ប្រសិនបើលោក ស្រី យីងឡាក់ ត្រូវបានកាត់ទោសនោះ នឹងត្រូវជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ ហើយហាមប្រាមចូលប្រឡូកក្នុងឆាក នយោបាយ៥ឆ្នាំ។ សង្គ្រាមផ្លូវច្បាប់របស់អតីតនាយករដ្ឋមន្ត្រីបានចាប់ផ្តើមក្រោយពេលដែលលោកស្រីត្រូវបានដកហូតទ្រព្យ សម្បត្តិ ដែលមានទឹកប្រាក់ជាង១ពាន់លាន ដុល្លារ ដោយសារតែការធ្វើឲ្យខាតបង់ ថវិកាជាតិជាច្រើនពាន់លានដុល្លារ។
ក្រៅពីនេះ លោកស្រី យីងឡាក់ ក៏ ទទួលរងនូវការចោទប្រកាន់១៥ករណី ផ្សេងទៀតដូចជាផ្តល់លិខិតឆ្លងដែនដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលជាបង ប្រុសរបស់លោកស្រី។
កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ពលរដ្ឋ គាំទ្រលោកស្រី យីងឡាក់ ជាច្រើនពាន់ នាក់បានប្រមូលផ្តុំគ្នានៅមុខតុលាការ កំពូលដើម្បីជួយជាកម្លាំងដល់លោកស្រី យីងឡាក់។ នៅពេលនេះកម្លាំងសន្តិសុខ ថៃ រួមជាមួយប៉ូលិស ទាហានរាប់ពាន់នាក់បានការពារសន្តិសុខនៅទីក្រុងដោយខ្លាចក្រុមអ្នកគាំទ្រលោកស្រី យីងឡាក់ ធ្វើបាតុកម្មប្រឆាំងបង្កអសន្តិសុខនៅទីក្រុង៕ ម៉ែវ សាធី