ភ្នំពេញ៖ បុរសម្នាក់ទៀតដែលបាន បង្ហោះសារគំរាមសម្លាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារនៅលើបណ្ដាញ សង្គមហ្វេសប៊ុកត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃបើកការស្រាវជ្រាវ ហើយ ឈានទៅដល់ការចាប់ខ្លួនក្រោយពេល បង្ហោះសារនេះបានមួយថ្ងៃ ។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ ពីបទ «គំរាមកំហែងថានឹងសម្លាប់» តាម មាត្រា២៣៣នៃក្រមព្រហ្មទណ្ឌហើយបានសម្រេចបញ្ជូនជននេះទៅកាន់ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ដតាមនីតិវិធី។ នេះ បើយោងតាមលោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ផ្កាយ៣ ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេក វិទ្យាបានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី ១៦ ខែកក្កដាកន្លងទៅមានគណនីហ្វេស ប៊ុកមួយឈ្មោះថា «សឿន ខេត្តកណ្ដាល» បានបង្ហោះខ្លឹមសារគំរាមសម្លាប់សម្ដេច តេជោ ហ៊ុន សែន និងក្រុមគ្រួសារដោយភ្ជាប់រូបកាំភ្លើងទៀតផង ។
ក្រោយទទួលបានករណីនេះភ្លាមកម្លាំងនគរបាលជំនាញរបស់លោកក្រោមការ បញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមាន ការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញនោះបានបើកការស្រាវជ្រាវជា បន្ទាន់ ហើយឈានទៅដល់ការចាប់ខ្លួន ជនល្មើសបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៧តែម្ដង ។
លោកឧត្តមសេនីយ៍បានបន្តថា ជន សង្ស័យរូបនេះឈ្មោះ រ៉ុម ចំរើន ហៅបុត្រ វីរៈ អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិ ឃ្លាំង ឃុំតាអុក ស្រុកពញាឮ ខេត្តកណ្ដាល បច្ចុប្បន្នរស់នៅភូមិព្រែក ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មុខរបរជា កសិករ ប៉ុន្ដែជននេះធ្លាប់ទៅធ្វើជាកម្មករនៅប្រទេសថៃ ហើយត្រឡប់មកស្រុក កំណើតវិញបានប្រហែលជាង១ឆ្នាំមក ហើយ ។
ពាក់ព័ន្ធការស្រាវជ្រាវហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យរូបនេះលោក ឧត្តមសេនីយ៍ ជា ពៅ បានបញ្ជាក់ថា បន្ទាប់ ពីស្រាវជ្រាវភ្លាមនោះកម្លាំងនគរបាលរបស់ លោកបានទៅឃាត់ខ្លួនម្ចាស់ហ្វេសប៊ុក ឈ្មោះ ក្រូច សឿន ដែលបច្ចុប្បន្នជាកម្មករចំការកៅស៊ូនៅខេត្តក្រចេះ ប៉ុន្ដែបុរសរូបនេះមិនចេះអក្សរនោះទេ ។
លុះពេលសួរនាំគាត់បានប្រាប់សមត្ថ កិច្ចថា ហ្វេសប៊ុករបស់គាត់ត្រូវបានក្មួយឈ្មោះ រ៉ុម ចំរើន ជាអ្នកបង្កើតឲ្យទើបសមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជន ប្រព្រឹត្តតែម្ដង ៕ ហេង សូរិយា