ភ្នំពេញ៖ តំបន់ប្រាសាទសំបូរព្រៃគុកដែលទើបតែដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគួរឱ្យកត់សំគាល់។ កាលពីថ្ងៃទី២១ ខែកក្កដា ភ្ញៀវទេសចរណ៍មួយក្រុមមានគ្នាប្រមាណ៥នាក់ មកពីប្រទេសបារាំង បានធ្វើដំណើរមកទស្សនាប្រសាទសំបូរព្រៃគុកក្នុងថ្ងៃវិស្សមកាលរបស់ពួកគេដោយមានមគ្គុទេសខ្មែរនិយាយភាសាបារាំងម្នាក់ចាំជួយពន្យល់ និងបកប្រែ។ ពួកគេបានដើរមើលសព្វគ្រប់ប្រសាទទាំងឡាយក្នុងតំបន់បេតិកភណ្ឌមួយនេះដែលមានបរិស្ថានខ្យល់ធម្មជាតិត្រជាក់ត្រឈឹងត្រឈៃ។ ដោយឡែក ភ្ញៀវទេចរណ៍ជាតិវិញ ក៏កំពុងសម្រុកមកទស្សនាសម្បត្តិបេតិកភណ្ឌដែលជាកេរ្តិ៍ដំណែលរបស់ដូនតាមិនចាញ់ភ្ញៀវទេសចរណ៍អន្តរជាតិឡើយ។
ក្រៅពីប្រាង្គប្រាសាទនានា តំបន់បេតិកភណ្ឌមួយនេះ សម្រស់ធម្មជាតិក៏ជាចំណុចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាតំបន់វប្បធម៌ធម្មជាតិមួយនេះផងដែរ។ ដោយសារតំបន់នេះ មានសក្តានុពលផ្នែកទេសចរណ៍វប្បធម៌ធម្មជាតិ ការរក្សាធនធានធម្មជាតិក្នុងតំបន់ឱ្យនៅស្រស់បំព្រង និងប្រាង្គប្រាសាទបូរាណដែលសម្បត្តិវប្បធម៌ គឺជាកិច្ចការងារចាំបាច់បំផុតដែលក្រសួងបរិស្ថានត្រូវតែធ្វើដើម្បីបម្រើដល់ការស្រូបទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផង និងការអភិវឌ្ឍប្រកបដោយចីរភាព។
យន្តការនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចជូនប្រជាពលរដ្ឋសហគមន៍ក្នុងតំបន់ដោយពិតប្រាកដតាមរយៈការចំណាយរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលនឹងនាំដល់ការថែរក្សាបានទាំងសម្បត្តិវប្បធម៌របស់ដូនតា និងរក្សាបាននូវសម្បត្តិធនធានធម្មជាតិក្នុងតំបន់បេតិកភណ្ឌ៕ ហេង សូរិយា