ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃនៅក្នុងភូមិជប់គគីខាងកើត ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ១៤គ្រួសារកំពុងទទួលរងការគំរាមកំហែងពីសំណាក់កងកម្លាំងយោធាសឹករងស្រុក ដោយបង្ខិតបង្ខំឲ្យពួកគាត់រុះរើលំនៅឋានចាកចេញពីដី ដែលពួកបានរស់នៅកាន់កាប់ និងអាស្រយ័ផល។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិជប់គគីខាងកើតបានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះថា ពួកគាត់ត្រូវបានកងកម្លាំងយោធាសឹករងស្រុកបន្ទាយអំពិលមួយក្រុមបានដើរុះរើផ្ទះរបស់ពួកគាត់យ៉ាងកាចសាហាវ បើអ្នកណាមិនឲ្យរុះរើគឺត្រូវគេគំរាម គឺគំរាមចាក់សាំងដុតចោលតែម្ដង។ ក្រុមយោធាបានប្រាប់ទៅពួកគាត់ទាំងអស់គ្នាថា ជាតំបន់សហើយសន្យាឲ្យពួកគាត់រុះរើផ្ទះចេញឲ្យអស់ក្នុងរយះពេល១សប្ដាហ៍ខាងមុខ។
ប្រជាពលរដ្ឋម្នាក់ នៅក្នុងចំណោមប្រជាពលរដ្ឋទាំង១៤គ្រួសារបានលើកឡើងថា កន្លងមកកងកំលាំងយោធាថៃបានមកហាមពួកគាត់មិនឲ្យសាងសង់លំនៅឋានបន្តទៅខាងក្រោយផ្ទះរបស់ពួកគាត់ប្រហែល១៥០ម៉ែត្រ ដោយដីដែលពួកគាត់រស់នៅមិនមានប៉ះពល់តំបន់សនោះឡើយ ហើយយោធាថៃ ក៏មិនដែលមកដេញពួកគាត់ដែរ តើហេតុអ្វីបានជាយោធាសឹករងមកបង្ខិតបង្ខំឲ្យរុះរើផ្ទះចេញទៅវិញ ទាំងដែលពួកគាត់រស់នៅធ្វើជារបងការពារទឹកដី បែរជារងគ្រោះដោយការបណ្តេញចេញពីសំណាក់លោកអ្នកមានអំណាចទៅវិញ ពួកគាត់បានរស់នៅទីនេះ៥ទៅ៦ឆ្នាំមកហើយ។
ជុំវិញករណីខាងលើភ្នាក់ងារយកព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺពីមេបញ្ជាការយោធាស្រុកបន្ទាយអំពិលបានទេ។
ដោយឡែកលោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិលបានឲ្យដឹងតាមទូស័ព្ទថា ខាងកងកម្លាំងយោធាបញ្ជារឲ្យពលរដ្ឋរុះរើផ្ទះ គឺបណ្ដាលមកពីពលរដ្ឋទាំងនោះទៅធ្វើផ្ទះនៅខាងមុខលេនដ្ឋានយោធា ដែលឈរជើងហើយជាតំបន់ដែលមិនទាន់មានការបែងចែក និងវាស់វែងបានត្រឹមត្រូវ(ជាតំបន់ស) ដែលធ្វើតាមអាជ្ញាធរភាគីថៃបានសំណូមពរ ហើយកំលាំងយោធាឲ្យរុះរើចេញ ក៏មិនបានយកដីរបស់បងប្អូនពលរដ្ឋទេ។
ដោយឡែកពលរដ្ឋនៅតំបន់ព្រុំដែនទាំងនោះបានចោទថា ក្រុមយោធាកំពុងរំលោភយកដីរបស់ពួកគាត់ និងយកគ្រឿចក្រឈុសឆាយ និងបាញ់ថ្នាំស្មៅដាំដំណាំស្វាយ និងចេកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយមេភូមិក៏បានចូលដៃចូលជើងបង្ខិតបង្ខំចាប់ដៃពួកគាត់ឲ្យផ្ដិតមេដៃទៀតផង៕ ប៉ែន នួន