ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេង២នាក់រួមជាមួយថ្នាំញៀន១៣កញ្ចប់តូច ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោចុះបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេង២នាក់ត្រូវបានប្រែក្លាយជនសង្ស័យជួញដូរថ្នាំញៀនយ៉ាងសកម្មនៅខណ្ឌដង្កោ ដែលសមត្ថកិច្ចបានចុះបង្ក្រាបរួមនឹងដកហូតថ្នាំ១៣កញ្ចប់តូច។

ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទី ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឈន:២ ស្ថិតនៅភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យជានារីវ័យក្មេង២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទី១ឈ្មោះ យាន យូម៉ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែជ័យ និងទី២ឈ្មោះ វ៉ុន សៀវម៉ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលប្រតិបត្តិការ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ បានជិះម៉ូតូល្បាតចូលទៅក្នុងសួនឧស្សាហកម្មវឌ្ឈន:២ ស្ថិតនៅភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាគុប សេ៥០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 1AM-6377 ដោយមានការសង្ស័យសមត្ថកិច្ចយើងក៏បានឃាត់ធ្វើការឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន១៣កញ្ចប់ថង់តូច នៅក្នុងជើងខោរបស់ឈ្មោះ យាន យូម៉ី ដែលយកមកចែកចាយនៅក្នុងរោងចក្រខាងលើ។

វត្ថុតាំងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំក្រាមពណ៌សថ្លាចំនួន១៣កញ្ចប់ថង់តូច និងម៉ូតូ១គ្រឿងម៉ាកហុងដាគុប ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាង ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖