ព័ត៌មានទាន់ហេតុការណ៍៖

យករថយន្តសង្សារមកបើកបង្កគ្រោះថ្នាក់ចរាចរណ៍បុករះ ស្លាប់១ របួសធ្ងន់ស្រាល៤នាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង៤នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយនារីវ័យក្មេង មិនចេះបើកបរបានយករថយន្តសង្សារមកបើក បណ្តាលឲ្យបុករះជនរងគ្រោះពេលកំពុងអង្គុយលេងជុំគ្នានៅមុខផ្ទះ ។

ករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយអ្នកមិនចេះបើកបរនេះ បានកើតឡើងកាលពីយប់ថ្ងៃទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅផ្លូវលំ ក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខ  ភ្នំពេញ2L-4726 បើកបរដោយនារីវ័យក្មេង ឈ្មោះអូន ស្រីដា អាយុ១៨ឆ្នាំ មានស្រុកកំណើតភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ជនរងគ្រោះទាំង៥នាក់ មានឈ្មោះ ទី១ ប៊ន វិសាល ភេទប្រុស អាយុ 25ឆ្នាំ មានទីលំនៅក្នុង ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ មុខរបរកម្មករ របួសធ្ងន់, ទី២ ឈ្មោះ ឱ វ៉ាត ភេទប្រុស អាយុ35ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ បានស្លាប់ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្នាក់នៅភូមិ ឃុំកើតហេតុ, ទី៣ ឈ្មោះ កន ផាន់ណា ភេទប្រុស អាយុ18ឆ្នាំ នៅខេត្តកំពង់ឆ្នាំង មុខរបរកម្មករ ស្នាក់នៅក្នុងភូមិ ឃុំកើតហេតុ របួសស្រាល, ទី៤ ឈ្មោះប៉ាក ព្រឿន ភេទប្រុស អាយុ38ឆ្នាំ នៅខេត្តព្រៃវែង មុខរបរកម្មករ ស្នាក់នៅគូមិកើតហេតុខាងលើ របួសស្រាល និងទី៥ ឈ្មោះ ស៊ី ណាចាន់លីហ្សា ភេទស្រី អាយុ2ឆ្នាំ រស់នៅក្នុង ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសស្រាល ។

លោកព្រំ សំណាង អធិការរងនគរបាលស្រុកទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា មុនពេលកើតហេតុរថយន្តបង្កបើកបរតាមផ្លូវលំក្នុងភូមិទិសដៅពីកើតទៅលិចតែអ្នកបើកបរមិនចេះបើកនោះទេ ចំណែករថយន្តគឺជារបស់មិត្តប្រុសនាង ពេលមកដល់កន្លែងកើតហេតុស្រាប់តែរេចង្កូតបុកចូលរោងមុខផ្ទះដែលមានជនរងគ្រោះកំពុងអង្គុយលេងបណ្តាលឲ្យតងរបួសធ្ងន់ស្រាល៥នាក់ ក្រោយមកជនរងគ្រោះម្នាក់បានស្លាប់ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមផ្លូវច្បាប់៕ សណ្តោស


ចែករំលែក៖