ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីភ្នំពេញ និងរដ្ឋលេខាធិការក្រសួង មហាផ្ទៃ កាត់វិញ្ញាសារប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃឆ្នាំ២០១៧ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក

ចែករំលែក៖

ភ្នំពេញ៖ លោកសក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនិងលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ និងក្របខណ្ឌមន្ត្រីពន្ឋនាគារក្រសួង មហាផ្ទៃ សម្រាប់ឆ្នាំ២០១៧ នៅមណ្ឌលប្រឡងវិទ្យាល័យសន្ឋរម៉ុក នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ។

លោក សក់ សេដ្ឋា បានអោយដឹងថា៖ សំរាប់ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃជ្រើសរើសមន្ត្រីរាជការស៊ីវិលនិងមន្ត្រីពន្ធនាគារចំនួនសរុប ៥៥០នាក់ នៅទូទាំងប្រទេស ។ ចែកចេញជា ៤ក្របខណ្ឌ ក្នុងនោះ ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើស ចំនួន ១១៥នាក់ បេក្ខជនដាក់ពាក្យប្រឡងចំនួន ២៣០៤នាក់ ។ ក្របខណ្ឌមន្ត្រីក្រមការ ជ្រើសរើស ចំនួន ១៤៥នាក់ បេក្ខជនដាក់ពាក្យប្រឡង ២៧២២នាក់ ។ មន្ត្រីក្របខណ្ឌលេខាធិការរដ្ឋបាល ជ្រើសរើស ចំនួន ២០០នាក់ បេក្ខជនដាក់ពាក្យ ប្រឡង ចំនួន ៦៣៩៤នាក់ ។ ក្របខណ្ឌមន្ត្រីពន្ឋនាគារជ្រើសរើសចំនួន ៩០នាក់ បេក្ខជនដាក់ពាក្យប្រឡង ចំនួន ៧៨៩នាក់ ។

លោកឃួង ស្រេង បានបញ្ជាក់ថា ៖ នៅរាជ ធានីភ្នំពេញ ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើសចំនួន ២៧នាក់ បេក្ខជនដាក់ពាក្យប្រឡង ចំនួន ៨១៥នាក់ ។ ក្របខណ្ឌមន្ត្រីក្រមការ ជ្រើសរើសចំនួន ៣៣នាក់ បេក្ខជនដាក់ពាក្យប្រឡង ចំនួន ៨៣០នាក់ ។ មន្ត្រីរដ្ឋបាលលេខាធិការដ្ឋាន ជ្រើសរើសចំនួន ២៧នាក់ បេក្ខជនដាក់ពាក្យប្រឡង ចំនួន ៨៤៨នាក់ ។ ក្របខណ្ឌមន្ត្រីពន្ឋនាគារ ចំនួន ២៥នាក់ បេក្ខជនដាក់ពាក្យប្រឡង ចំនួន ៣២៨នាក់ ។

លោក សក់ សេដ្ឋា ក៏បានផ្តល់កម្លាំងចិត្តដល់បេក្ខជន ក្នុងការប្រឡងប្រជែង ប្អូនៗជឿជាក់និងទុកចិត្តលើគណៈកម្មការយើងខ្ញុំទៅ គណៈកម្មការនិងធ្វើការងារនេះ ដោយតម្លាភាព សុក្រិតភាព ហើយ ប្អូនៗត្រូវតាំងស្មារតី កុំភិតភ័យ អ្នកចេះ គឺជាប់ហើយ ។ ហើយប្អូនៗយកចំណេះដឹង និងសមត្ថភាពចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ អោយរីកចំរើនតទៅទៀត ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សំរាប់វិញ្ញាសាក្នុងការប្រលងជ្រើសរើសក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីក្រមការ មាន២វិញ្ញាសាគឺជំនាញឯកទេសនិងវិញ្ញាសាភាសាអង់គ្លេស។ ចំណែកក្របខណ្ឌលេខាធិការរដ្ឋបាលនិងក្របខណ្ឌមន្ត្រីពន្ធនាគារមានវិញ្ញាសារចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាលនិងគណិតវិទ្យា វិញ្ញាសាតែងសេចក្តីរឺការសរសេរលិខិតរដ្ឋបាល៕ សំរិត


ចែករំលែក៖