ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៧ បុរសជាគ្រូបង្រៀន សាលាមតេ្តយ្យជនជាតិអង់គ្លេសម្នាក់នៃសាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ (GOLDEN BRIDGE International School) មានទីតាំងនៅតាមបណ្តោយផ្លូវ លេខ ៣៣៥ កែងផ្លូវលេខ៣១៧ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោកដែលនគរបាល ក្រសួងមហាផ្ទៃឃាត់ខ្លួននោះនៅមិនទាន់សារភាពកំហុសដូចការចោទប្រកាន់ពី អាណាព្យាបាលសិស្សថាបានបៀតបៀនកេរ្តិ៍ខ្មាសកូនស្រីអាយុ៥ឆ្នាំនៅឡើយទេ។
លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃបានប្រាប់ភ្នាក់ងារកាសែតនគរវត្ត កាលពីរសៀលថ្ងៃទី២៤ ខែកក្កដាថា ជន សង្ស័យឈ្មោះ Mark Andrew Smith ត្រូវ បានកម្លាំងរបស់លោកឃាត់ខ្លួនពេលចេញពីសាលារៀនកាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះបាននាំក្មេងស្រីជាសិស្ស សាលាមតេ្តយ្យអាយុទើបតែ៥ឆ្នាំនាំទៅបៀតបៀនកេរ្តិ៍ខ្មាសដល់ផ្ទះរបស់ខ្លួន ។
លោកឧត្តមសេនីយ៍ឯកបានបន្តថា ជនសង្ស័យមិនទាន់សារភាពកំហុសរបស់ខ្លួនទេ ដូច្នេះទើបសមត្ថកិច្ចរបស់លោកបន្តស្រាវជ្រាវប្រមូលភស្តុតាងជាក់ស្តែង និង សាក្សីជួយបំភ្លឺដើម្បីដាក់បន្ទុកកំពុងចាត់ការតាមនីតិវិធីដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផង។ លោកបញ្ជាក់ថា សំណុំរឿង នេះនឹងបញ្ជូនទៅសាលាដំបូងក្នុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ។
សូមបញ្ជាក់ថា ជនបរទេសដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននេះជាគ្រូ បង្រៀននៅសាលាGolden Bridge មិន មែនសាលា Golden Gate នោះទេ បន្ទាប់ ពីធ្លាយព័ត៌មានដោយសារស្ដ្រីវ័យចំណាស់ម្នាក់មានគណនីឈ្មោះ «Vriya MC» បានបង្ហោះចែកចាយរឿងនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយបានរៀបរាប់ពីហេតុការណ៍មួយនេះបន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយក សាលាដែលជាជនជាតិខ្មែរប៉ុណ្ណោះ ។
ដំបូងស្ដ្រីម្ចាស់គណនីហ្វេសប៊ុករូបនេះ មិនបានបញ្ចេញឈ្មោះសាលានោះឡើយ គ្រាន់តែអះអាងថា ជាសាលាអន្ដរជាតិដ៏ធំមួយនៅភ្នំពេញ។ គាត់បានស្ដាប់ចម្លើយ ក្មេងស្រីរងគ្រោះថា គ្រូជនជាតិបរទេសបាន នាំនាងទៅផ្ទះរបស់គេរួចបានប្រើអណ្ដាតលិឍលើប្រដាប់ភេទរបស់នាងរហូតមានបញ្ហាទើបឪពុកម្ដាយឆ្ងល់ក៏បានទូរស័ព្ទប្រាប់ទៅគាត់។ អំពើថោកទាបយ៉ាងនេះ មិនដឹងថាជននេះប្រព្រឹត្តលើកុមារប៉ុន្មាននាក់មកហើយទេ ព្រោះនៅផ្ទះជនសង្ស័យ មានស្បែកជើងកុមារច្រើនគូដែលគេសង្ស័យ ថាជនកំហូចអាចឲ្យស្បែកជើងថ្មីដល់កុមារ រងគ្រោះទុកស្បែកជើងចាស់ជាថ្នូរនឹងអំពើអនាចារតែម្តង។ ពេលនោះឪពុកម្ដាយក្មេង ស្រីរងគ្រោះមិនហ៊ានដាក់ពាក្យបណ្ដឹងទេដោយសារខ្លាចអាម៉ាស់ និងខូចកិត្តិយស ព្រោះគ្រួសារគាត់ជាអ្នកមានទ្រព្យគួរសមផងទើបឲ្យកូនចូលរៀនខ្នាតអន្តរជាតិមួយនេះ។ ប៉ុន្ដែករណីនេះត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវហើយឈានទៅដល់ការចាប់ ខ្លួនជនសង្ស័យ ខណៈដែលព័ត៌មាននេះ បានសាយភាយនិងកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកទៅហើយនោះ ៕ ប្រាថ្នា