ខេត្តបាត់ដំបង៖ សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងឈ្មួញស្តុបឈើដ៏ធំចំនួនពីរកន្លែង ដែលតែងតែដឹកជញ្ជូនយ៉ាងគគ្រឹកគ្រេង មិនមានសមត្ថកិច្ច ឬមន្ត្រីជំនាញណាហ៊ានបង្ក្រាបឡើយ គឺបើកដៃឲ្យរកស៊ីយ៉ាងរលូនរៀងរាល់ថ្ងៃ ហើយកន្លែងនេះផងដែរ បើតាមពលរដ្ឋគាត់និយាយថា ជាកន្លែងដែលទិញឈើពីពលរដ្ឋខ្មែរឆ្លងដែនទៅទឹកដីថៃ ដើម្បីកាប់ឈើប្រណីតទាំងនោះ ថ្មីៗនេះត្រូវបានខាងសមត្ថកិច្ចថៃបាញ់ និងចាប់បានជាច្រើននាក់នៅច្រក៤០០ក្នុងទឹកដីសំឡូតនេះផងដែរ។
ពលរដ្ឋបានឲ្យដឹងទៀតថា អ្នករកស៊ីទាំងនោះ គេមានខ្នងគេក្រាស់ៗណាស់ សូម្បីតែសមត្ថកិច្ចមូលដ្ឋាន ក៏មិនហ៊ានក្អកនឹងគេដែរ ពិសេសគឺខាងមន្ត្រីរដ្ឋបាលព្រៃប្រចាំនៅស្រុកសំឡូតនោះតែម្តង។
ការចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្មាំ២០១៧ នៅស្រុកសំឡូត ខេត្តបាត់ដំបង ដឹកនាំកម្លាំងដោយ លោក រស់ សុខធឿន ប្រធានក្រុមការងារ ជំនាញរបស់គណៈកម្មាធីការក្រសួងមហាផ្ទៃ ចុះពិនិត្យការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ការបង្កទប់ស្តាត់បង្រ្កាបបទល្មើស និងការកសាងសំណង់ និងប៉ុស្តិ៍ អាណាធិបតេយ្យនានា នៅតាមបណ្តាខេត្តជាប់ព្រំដែន បានសហការជាមួយវរៈអង្គភាពចម្រុះក្នុងនោះមានការពារព្រំដែនគោគលេខ៣១០ មន្ត្រីដែនជំរកសត្វព្រៃភ្នំសំកុរ (បរិស្ថាន) កងរាជអាវុធហត្ថ និងអធិការដ្ឋានស្រុកសំឡូត ប៉ុស្តិ៍នគរបាលរដ្ឋបាល និងជំទប់ទី១ ឃុំតាតោត ទំនាក់ទំនងច្រក៤០០ និងច្រកពៀមតា កម្លាំងសរុបចូលរួមមាន៣២នាក់ ដែលមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំដូងខេត្តបាត់ដំបង ។
លោក រស់ សុខធឿនបានថ្លែងថា ការចុះឆែកឆេរនេះ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានបទល្មើស និងនៅប៉ុន្មានថ្ងៃមុននេះ មានពលរដ្ឋខ្មែរចូលទៅកាប់ឈើនៅទឹកដីថៃ ត្រូវបានគេដេញចាប់ទៀតផង ទើបកម្លាំងចុះប្រតិបត្តិការនៅតំបន់នោះ ។
ក្រោយពីឆែកឆេរផ្ទះលោកស្រីចាប សៀងអេង មានប្តីឈ្មោះធុក វណ្ណា ជាយោធា មានមុខងារជាអនុប្រធានកងអនុសេនាធំទី១ រស់នៅភូមិវាលរលឹម រឹបអូសបានឈើប្រណីតចម្រុះ ជាង២ម៉ែត្រគូប រថយន្ត២គ្រឿង មិនបានឃាត់ខ្លួនម្ចាស់ផ្ទះទេ ដោយឈើទាំងនោះជារបស់ឈ្មោះជួប ណូ ហៅចូវ ជាមន្ត្រីនៅខេត្តបាត់ដំបង ។
ចំណែកនៅម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល កំលាំងបានក្រសោបមួយករណីទៀត ស្ថិតនៅភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូតរឹបអូសបានឈើគ្រញូងចំនួនចំនួន៧៦ដុំ ស្មើនិង៤៥០គីឡូក្រាម ឈើនាងនួន៣៥ដុំ និងឈើធ្នង់៤សន្លឹក សរុបស្មើនិងកន្លះម៉ែត្រគូប ចំណែកម្ចាស់រត់បាត់ស្រមោល។
បច្ចុប្បន្ន វត្ថុតាងត្រូវមន្ត្រីបរិស្ថានរក្សាទុកនៅស្នាក់ការរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ ស សារ៉េត