ព័ត៌មានទាន់ហេតុការណ៍៖

តែងតាំងលោកនួន លីហួនជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងជំនួសលោកសំ សាវុធដែលចូលនិវត្តន៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមប្រកាសលេខ២១៣ប្រ.ក.ស.ក.ប.លរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានតែងតាំង លោកនួន លីហួន បច្ចុប្បន្នជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ទៅជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជំនួសលោសំ សាវុធ ដែលបានសុំបញ្ចប់មុខតំណែង។

ការប្រកាសតែងតាំងនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំទន្លេវៃគោ ក្រុងស្វាយរៀង ដោយមានការចូលរួមជាអធិបតីលោកសួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

មន្ត្រីក្រោមឱវាទបានលើកឡើងថា លោកសំ សាវុធដែលជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងសុំចូលនិវត្តន៍​មុនអាយុដោយមានបញ្ហាសុខភាពគឺជាមេដឹកនាំដ៏ល្អម្នាក់ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូពីសុខទុក្ខដល់កូនចៅព្រមទាំងណែនាំពីការងារមួយចំនួន ដែលមន្ទីរបានដាក់ចេញនាពេលកន្លងមក ការងារថែទាំ ជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន លូ ព្រមទាំងការធានានូវនិរន្តភាព និងគុណភាពនៃការផ្ដល់សេវាទាំងសេវាតម្រូវការដល់ប្រជាពលរដ្ឋផងដែរ។។

មិនតែប៉ុណ្ណោះពោលគឺលោកសំ សាវុធត្រូវបានកូនចៅក្នុងមន្ទីរមានចិត្តគោរពស្រឡាញ់គ្រប់ៗគ្នា ខណៈរូបលោកបានចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងក្នុងឆ្នាំ២០១៣រហូតមកដល់ពេលនេះគឺបានរយះពេល៥ឆ្នាំផងដែរ ៕ យឹម សុថាន


ចែករំលែក៖