ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាំកុងត្រូលខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យទំនិញ ដែលអាជីវករ បានតាំងលក់ នៅក្នុងផ្សារប៉ាងរលឹម រកឃើញទំ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទកំណត់ ជាច្រើនមុខ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាព ដែលដាក់លក់នៅតាមតូបនីមួយៗ ក្នុងផ្សារប៉ាងរលឹម ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយដកហូតបានទំនិញ ជាង ១០ យកទៅកម្ទេចចោល។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បានឱ្យដឹងថា៖ សាខាកាំកុងត្រូលខេត្ត នៅតែបន្តចុះត្រួតទំនិញខូចគុណភាព និងទំនិញលើសកាលកំណត់ដែលដាក់តាំងលក់នៅតាមទីផ្សារនានាទូទាំងខេត្តប៉ៃលិន ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីការពារសុខមាលភាពជូនប្រជាពលរដ្ឋ ហើយពេលចុះម្តងៗ លោក និងក្រុមការងារ បានធ្វើការពន្យល់ណែនាំ ដល់អាជីវករទាំងអស់ កុំអោយបន្តយកទំនិញណាដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ គឺហាមដាក់តាំងលក់នៅលើទីផ្សារ ជាដាច់ខាត។

ទន្ទឹមនឹងនេះអាជីវករទាំងអស់មុននឹងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេទ និងក្រុមហ៊ុនផលិត ឱ្យបានច្បាស់លាស់ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យ រកឃើញហួសកាលបរិច្ឆេទកំណត់ ឬខូចគុណភាព ធ្វើការដកហូតយកទៅកម្ទេចចោល ដែលនាំខាតបង់ ទាំងពេលវេលា និង ប្រាក់កាក់ផងដែរ។

នៅក្នុងឱកាសនោះ លោក សាន វិជ្ជាសារ៉ាវុធ ក៍បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះមើលទំនិញដែលខូចគុណភាព និងហួសសុពលភាព មុននឹងទិញយកទៅបរិភោគ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ហើយចំពោះអាជីវករណា ដែលមិនគោរព និងធ្វើតាមការណែនំារបស់សាខាកាំត្រូល ដោយនៅតែបន្តយកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទកំណត់ មកដាក់តាំងលក់ទៀតនោះ សាខាកាំកុងត្រូលនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ មាត្រាទី១៦ និង៦៣ ដោយផ្តន្ទាទោសជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ។

គួរបញ្ចាក់ថា៖ នៅក្នុងពេលចុះពិនិត្យទំនិញសមត្ថកិច្ចកាំកុងត្រូលខេត្ត បានធ្វើការដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទកំណត់ មួយចំនួនពីអាជីវករ ដើម្បីយកទៅកំទេចចោលរួមមាន៖ ស្របៀដប ១៩ដប នំស្រួយក្មេង ៤៤កញ្ចប់ ទឹកជ្រលក់ ១៤ ដប ទឹកម្ទេស ៥ដប មីកំម៉ុង ៦កញ្ចប់ មីកញ្ចប់ ១១កញ្ចប់ ទឹកក្រូចដបជ័រ ៧៣ដប ទឹកសណ្តែក ៣ដប ទឹកត្រី ១២ដប ទឹកតៅហ៊ូកែវ ៤កែវ គ្រប់សណ្តែងខៀវលីងខូចគុណភាព ១១០០កញ្ចប់ ទឹកប៉េងបោះ ៧ដប ទឹកដោះគោជូកូនក្មេងក្រហម ១២ប្រអប់ ចាហួយក្មេង ៥កញ្ចប់ ភេសជ្ជៈ ២៤ដប និងទឹកដោះគោជូ ៤២កញ្ចប់ផងដែរ ៕ ស សារ៉េត


ចែករំលែក៖