ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាងខ្ញុង ត្រៀមឡើងផ្ទះថ្មីតម្លៃថ្លៃជិត១០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងស្រីល្បីឈ្មោះ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បាននឹងអញ្ជើញភ្ញៀវមិនតិចជាង១ពាន់នាក់ទេ ដើម្បីចូលរួមពិធីឡើងផ្ទះថ្មីរបស់នាងនៅចុងខែនេះ។ ផ្ទះថ្មីដែលនាងទើបទិញនេះមានតម្លៃប្រមាណជិត១០ម៉ឺនដុល្លារអាមេរិក។

បន្ទាប់ពីប្រគល់ផ្ទះនៅបុរីពិភពថ្មី ឬស្សីកែវទៅឲ្យបងស្រីធម៌វិញអស់ជាច្រើនខែ ខ្ញុងបានចេញទៅរស់នៅផ្ទះជួលមួយរយៈជាមួយកូនប្រុស ប៉ុន្តែពេលនេះនាងបានទិញផ្ទះផ្ទាល់ខ្លួនបានហើយ ដែលនឹងរៀបចំពិធីឡើងផ្ទះទ្រង់ទ្រាយធំនៅថ្ងៃទី៣០ខែកក្កដានេះ។

ទោះជាយ៉ាងណាគេនៅមិនទាន់មានការបញ្ជាក់ណាមួយពីតារាស្រីរូបនេះនៅឡើយទេ ប៉ុន្តែ ប្រភពពីអ្នកសិល្បៈដែលស្និទនឹងនាងលើកឡើងថា កម្មវិធីឡើងផ្ទះតារាកំប្លែងប្រចាំទូរទស្សន៍ CTNខាងលើ នឹងត្រូវធ្វើនៅផ្ទះនាងផ្ទាល់នាសង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ ដែលផ្ទះនាងមានតម្លៃមិនក្រោម១សែនដុល្លារអាមេរិកទេ។ ប្រភពបន្តថាតម្លៃផ្ទះនេះសមល្មមនឹងសមត្ថភាបរបស់តារាស្រីរូបនេះដែលមានប្រភពចំណូលច្រើន ក្នុងចំណោមតារាកំប្លែងរួមក្រុមឯទៀត។ ភ្ញៀវនាងភាគច្រើនជាអ្នកជំនួញ និងអ្នកសិល្បៈដែលនាងបានស្គាល់ ៕ វឌ្ឍនា


ចែករំលែក៖