ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកអង្គរបុរីក្តៅស្លឹកត្រចៀករឿងប្រធានវិនិយោគផ្សារ ចោទលោកថា បានឃុបឃឹតគ្នាឲ្យមានការសង់តូបយ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ខេត្តតាកែវ៖ បន្ទាប់ពីរងការចោទពីសំណាក់ប្រធានវិនិយោគផ្សារអង្គរបុរី ដែលស្ថិតនៅក្នុង ភូមិ កំពង់ល្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ លោកឌឹម គឹមសាន អភិបាលស្រុកអង្គរបុរី ថា នឹងកោះហៅប្រធានផ្សាររូបនេះមកសួរនាំ ជុំវិញការចោទប្រកាន់ថា លោកបាន ឃុបឃឹតគ្នាឲ្យមានការសង់តូបយ៉ាងអនាធិបតេយ្យនេះ។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរីបានលើកឡើងថា ការធ្វើតូបនេះជាការជួសជុល ក្នុងនាមអាជ្ញាធរស្រុកមានសិទ្ធិឲ្យអាជីវករជួសជុល ប៉ុន្តែមិនឲ្យលើសទំហំចាស់នោះទេ បើអ្នកស្រី ប្រាក់ ស៊ីម ជាអ្នកចេះអ្នកដឹង គួរតែយកលិខិតអនុញ្ញាតពីអាជ្ញាធរមកមើល បើសិនជាអាជីវករធ្វើលើសលិខិតអនុញ្ញាត ទើបគាត់មានសិទ្ធិហាមឃាត់ ហើយរាយការណ៍ទៅលោក ។

លោកបានបន្តទៀតថា លោក នឹងហៅប្រធានវិនិយោគផ្សាររូបនេះមករសួរពីបញ្ហាចោទលោកថា បានឃុបឃឹតគ្នានេះ ហើយមួយវិញទៀត បើអ្នកស្រី ប្រាក់ ស៊ីម នៅតែបន្តយកលុយពីអ្នកលក់បន្តិចបន្ទួចតាមកញ្ជើ កញ្ច្រែង ល្អី ទៀតនោះលោកនឹងមានវិធានការដោយពិន័យ ឬក៏ផ្អាកអាជ្ញាប័ណ្ណ ព្រោះកន្លងមក លោកបានហៅមកធ្វើកិច្ចសន្យាមួយលើក ជាពីរលើករួចមកហើយ។

ចំណែកលោក ប្រាក់ ឈី ជាប្តីរបស់អ្នកស្រី ប្រាក់ ស៊ីម ដែលជាប្រធានវិនិយោគផ្សារ បានលើកឡើងថា អាជ្ញាធរធ្វើដូចជាហូសហេតុពេកហើយ តូបនៅក្នុងផ្សារអង្គរបុរីសព្វថ្ងៃនេះជិតក្លាយជាទៅជាផ្ទះអស់ហើយ គាត់ដែលជាប្រធានវិនិយោគផ្សារអង្គរបុរី រាល់ថ្ងៃនេះពិបាកណាស់ ដោយអាជីវករទំនើង ចំណែកអាជ្ញាធរបក្ខពួក ហើយចំពោះការនិយាយស្តីមានការគំរាមកំហែង ជាដើម ហើយចំពោះរឿងឃុបឃឹតគ្នា ឬយ៉ាងណាលោកមិនបានដឹងទេ ព្រោះលោកជាប្រធានវិនិយោគផ្សារមិនមានសិទ្ធិទេ៕ ភ្នំដា


ចែករំលែក៖