ព័ត៌មានទាន់ហេតុការណ៍៖

ប្តីជាឃាតក កាប់សម្លាប់ប្រពន្ធសមត្ថកិច្ចស្រុកំពង់ត្រឡាចតាមចាប់ដល់ស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្តីដែលជាឃាតក យកកាំបិតកាប់ទៅលើប្រពន្ធ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនោះ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិត្រពាំង ក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីជនសង្ស័យបានព្យាយាមរត់គេច ក្រោយពីសម្លាប់ប្រពន្ធរួចបាន៣ថ្ងៃ ។

លោកម៉ាត់ លីអធិការនគរបាល ស្រុកកំពង់ត្រឡាចបានប្រាប់នៅព្រឹកថ្ងៃទី២៦ កក្កដាថា ជនសង្ស័យជាប្តី ឈ្មោះ ទាំ សឹម អាយុ២៦ឆ្នាំ បានព្យាយាមរត់គេចក្រោយពីបានយកកាំបិតផ្គាក់ទៅកាប់សម្លាប់ប្រពន្ធ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រលងកៃស្នា ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកអធិការបានឲ្យដឹងទៀតថា ជនសង្ស័យមិនបានប្រាប់អំពីមូលហេតុជាក់លាក់ នៃការកាប់សម្លាប់ប្រពន្ធនោះទេ ហើយបានធ្វើដូចជាមនុស្សវិកលចរិក និយាយទៅមុខ ទៅក្រោយ នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កំពុងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។

ប៉ុន្តែបើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះបាននិយាយថា ជនសង្ស័យនេះគឺជាមនុស្សកាច ចូលចិត្តផឹកស្រា និងប្រចណ្ឌប្រពន្ធទៀតផង ហើយការសម្លាប់ប្រពន្ធនេះ អ្នកស្រុកបានដាក់ការសន្និដ្ឋានអាចជារឿងប្រចណ្ឌច្រើនជាង ។

គួរបញ្ជាក់ថា បុរសខ្មែរឥស្លាមម្នាក់បានយកកាំបិតកាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រលងកៃស្នា ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ជនដៃដល់ជាប្តីឈ្មោះទាំ សឹម ជាខ្មែរឥស្លាម និងស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះហ៊ីម សំរស់ នៅក្នុងភូមិ ឃុំខាងលើ។ គ្រួសារនេះមានកូនប្រុស២នាក់នៅក្នុងបន្ទុក៕ ចន្ថា


ចែករំលែក៖